Friday, November 14, 2025
Homeព័ត៌មានជាតិដើរសុំទាន គេអាណិតឲ្យលុយកាក់ បែរជាយកទៅផឹកស្រា ចុងក្រោយ...

ដើរសុំទាន គេអាណិតឲ្យលុយកាក់ បែរជាយកទៅផឹកស្រា ចុងក្រោយ…

ខេត្តក្រចេះ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋស្គាល់ថា ជាអ្នកដើរសុំទាន និងតែងដើរសុំលុយគេឯង យកទៅទិញស្រាផឹកជាប្រចាំ ដោយមិនព្រមហូបបាយទឹកទាល់តែសោះ ទីបំផុត ក៏ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏ដើរទៅប្រះខ្លួនដេកនៅលើគំនរសំរាម ក្បែរមាត់ទន្លេ រួចក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមាត់ ទន្លេក្រុងក្រចេះ។

បុរសរងគ្រោះដែលដេកស្លាប់ មានឈ្មោះស្រី សុខអូន អាយុប្រមាណ៦០ឆ្នាំ មុខរបរដើរសុំទាន និងដើរស្នាក់នៅតាមសំយាបផ្ទះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើតែងដើរសុំទានជាប្រចាំ ហើយឱ្យតែពេលបានលុយបន្តិចបន្តួច តែងយកទៅទិញស្រាផឹកមិនដែលខានឡើយ ដោយមិនព្រមហូបបាយទឹកនំចំណីអ្វីទាល់តែសោះ ទោះជាមានប្រជាពលរដ្ឋប្រទះឃើញអាណិត ជួយហុចបាយទឹកឱ្យ ក៏មិនព្រមហូបដែរ ពោលគឺគិតតែពីផឹកស្រាតែមួយមុខគត់។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំ គេឃើញជនរងគ្រោះខាងលើ បានដើរទៅប្រះខ្លួនដេកនៅលើគំនរសំរាមក្បែរមាត់ទន្លេ ចំណុចកើតហេតុខាងលើ លុះក្រោយមក ដោយឃើញជនរងគ្រោះដេកយូរពេក មិនព្រមក្រោក និងហាក់គ្មានកម្រើកបន្តិចណាសោះ ទើបនឹកឆ្ងល់ ក៏នាំគ្នាទៅមើល ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យលើសាកសព រួចបញ្ជាក់ថា ការស្លាប់របស់ជនរងេគ្រោះខាងលើ គឺដោយសារខ្យល់គរ ក៏ព្រោះតែជនរងគ្រោះមិនបានហូបអ្វី និងបានផឹកស្រាលើសកំរិត។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះទៅតម្កល់ទុកនៅវត្ត ដើម្បីរៀបចំបូជាតែម្តង ដោយសារតែជនរងគ្រោះ គ្មានសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនោះទេ៕

RELATED ARTICLES