ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់នៅសុខៗ ក៏កាន់កាំភ្លើងច្នៃ១ដើម ដើរអុកឡុករករឿងគេឯងពេញភូមិ និងបានចូលទៅវាយបំផ្លាញទូទឹកកកនៅក្នុងតូបលក់ចាប់ហួយរបស់អ្នកភូមិ រហូតដល់ម្ចាស់គេទ្រាំមិនបាន ក៏រាយការណ៍ប្តឹងសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីក្មេងស្ទាវកាន់កាំភ្លើងច្នៃចូលអុកឡុកពេញភូមិ និងថែមទាំងបានវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៤៦នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចតូបលក់ដូរមួយកន្លែង ដែលមានម្ចាស់ឈ្មោះចាន់ រ៉ាន ភេទស្រី អាយុ៦៥ឆ្នាំ ស្ថិតក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

សមត្ថកិច្ចបានឱ្យដឹងថា សង្ស័យដែលបង្កការអុកឡុកក្នុងភូមិរូបនេះ មានឈ្មោះហឿន ផាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យបានកាន់កាំបិតចុងស្រួច ដាវ ព្រមទាំងកាំភ្លើងកែច្នៃ១ដើមផង បានចូលទៅកាប់បំផ្លាញទូទឹកកករបស់ឈ្មោះចាន់ រ៉ាន ជាអ្នកលក់ចាប់ហួយ នៅក្នុងភូមិ បណ្តាលឱ្យទទួលរងការខូចខាតមធ្យម លុះអ្នកភូមិចូលមកឃាត់ ស្រាប់តែជនសង្ស័យថែមទាំងបានគំរាមគេឯងទៀតផង។ បន្ទាប់មក ជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកទៅសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕