Friday, November 14, 2025
Homeព័ត៌មានជាតិកូនៗរត់ប្រសាចហៅអ្នកភូមិ "ឪខ្ញុំសម្លាប់ម៉ែនិងប្អូនប្រុសហើយ ជួយផង!!!"

កូនៗរត់ប្រសាចហៅអ្នកភូមិ “ឪខ្ញុំសម្លាប់ម៉ែនិងប្អូនប្រុសហើយ ជួយផង!!!”

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដោយសារភ្លើងប្រចណ្ឌដុតរោលខ្លាំង ទ្រាំលែងបាន ក៏ស្ទុះទៅទាញពូថៅមកវាយសំពងប្រពន្ធ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់ ហើយបានស្ទុះទៅសំពងកូនប្រុសអាយុ៩ឆ្នាំម្នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់ ហេតុការណ៍ដ៏រន្ធត់នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩  នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអណ្តូងរវាង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។

ជនដៃដល់ជាឃាតករ មានឈ្មោះតូច ញ៉ន អាយុ៤១ឆ្នាំ មុខរបរកសិករ។  ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសួន ធីម អាយុ៤៦ឆ្នាំ។ រីឯកូនប្រុសដែលទទួលរងរបួសធ្ងន់ មានឈ្មោះញិប សុគុណ អាយុ៩ឆ្នាំ។ ប្តីប្រពន្ធខាងលើមានកូនក្នុងបន្ទុក សរុបចំនួន៤នាក់ និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិរបស់ស្ត្រីរងគ្រោះ ជាប្រពន្ធ បានរៀបរាប់ប្រាប់ថា កន្លងមក ក្រុមគ្រួសារខាងលើនេះ ឧស្សាហ៍ឈ្លោះគ្នាណាស់ លុះនៅក្នុងថ្ងៃកើតហេតុ គេឃើញបុរសជាប្តីទើបមកពីផឹក ស្រវឹងធ្លាក់ភ្នែក បានចូលដល់ផ្ទះភ្លាម ក៏ឮសូរសំឡេងប្តីប្រពន្ធខាងលើឈ្លោះប្រកែកគ្នាមួយប្រាវ រួចក៏ស្ងាត់មាត់ទៅវិញ។ បន្តិច ក្រោយមក ស្រាប់តែកូនៗរបស់ជនរងគ្រោះ ចំនួន៣នាក់ បាននាំគ្នារត់ចេញក្រៅស្រែកឆោឡោថា ឪពុករបស់ពួកគេសម្លាប់ម្តាយ និងប្អូនប្រុសនៅក្នុងផ្ទះហើយ ទើបធ្វើឱ្យមានការផ្អើលឆោឡោដល់អ្នកជិតខាង។ ចំណែកកូនប្រុសរងរបួសសុសខ្លួន ដេកក្នុងថ្លុកឈាមដូចគ្នា។ រីឯជនដៃដល់ កំពុងកាន់ពូថៅជាប់ដៃ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញ បានចុះអន្តរាគមន៍ភ្លាមៗ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទាំងយប់ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ចំណែកក្មេងប្រុសរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក សាកសពស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES