ខេត្តកណ្តាល ៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋានក្រុងតាខ្មៅ បានឃាត់ខ្លួនជនត្រូវចោទម្នាក់ ពីបទអំពើលួច បន្ទាប់ពីជនត្រូវចោទរូបនេះ បានប្រព្រឹត្តតាំងពីជាង៣ឆ្នាំមកម៉្លេះ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១០៩ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បើតាមសមត្ថកិច្ចនគរបាល ដែលបានចុះប្រតិបត្តិការក្នុងករណីនេះបានប្រាប់ឱ្យដឹងថា ជនត្រូវចោទដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ មានឈ្មោះសេង ប្រុសពៅ ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅភូមិព្រែកកាក់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៥៣៦ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល លោកសាយ សម្ផស្សសេរី។

សមត្ថកិច្ចដដែលបានឱ្យដឹងដែរថា ឈ្មោះសេង ប្រុសពៅ ត្រូវចោទពីបទអំពើលួចប្រព្រឹត្ត កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់ពីធ្វើសកម្មភាពរួច ជននេះបានគេចចេញពីមូលដ្ឋាន បាត់រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ទើបឃើញបង្ហាញខ្លួន ខណៈសមត្ថកិច្ចមានដីកានៅក្នុងដៃស្រាប់ ក៏ចុះឃាត់ ខ្លួនបានតែម្តង។

បន្ទាប់ពីឃាត់ខ្លួនជនត្រូវចោទរូបនេះ សមត្ថកិច្ចបានបញ្ចោញឯកសារពាក់ព័ន្ធ បញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តនីតិវិធីបន្ត៕