Friday, November 14, 2025
Homeព័ត៌មានជាតិរន្ធត់ណាស់!!! សល់តែស្បែកជើងនិងម៉ូតូនៅលើស្ពាន ចំណែកមនុស្សក្នុងទឹក

រន្ធត់ណាស់!!! សល់តែស្បែកជើងនិងម៉ូតូនៅលើស្ពាន ចំណែកមនុស្សក្នុងទឹក

ខេត្តកណ្តាល ៖ បុរសម្នាក់មិនដឹងជាមាន វិបត្តិផ្លូវចិត្តរឿងអ្វី ក៏ដាច់ចិត្តគិតខ្លី ជិះម៉ូតូទៅឈប់នៅលើស្ពានព្រែកតាមាក់ រួចក៏លោតចូលទៅក្នុងទឹកទន្លេសម្លាប់ខ្លួន លុះ២ថ្ងៃក្រោយមក សាកសពជនរងគ្រោះក៏បានអណ្តែតឡើង និងត្រូវប្រជាពលរដ្ឋប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមាត់ច្រាំងទន្លេ ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

ជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ អាយុប្រហែល២០ឆ្នាំជាង ពាក់អាវ ដៃវែងពណ៌ខ្មៅ ផ្កាពណ៌លឿង ស្លៀកខោខូវប៊យជើងវែង ពណ៌ទឹកប៊ិក និងខោលីអូ ពណ៌ខ្មៅ។

តាមប្រភពសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩  សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានម៉ូតូ១គ្រឿង ម៉ាកស៊ីរូសចាស់ ពណ៌ក្រហមលាយខ្មៅ គ្មានពាក់ស្លាកលេខ និងស្បែកជើងជ័រ ផ្ទាត់១គូ ទុកចោលនៅលើស្ពានព្រែកតាមាក់។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចយកម៉ូតូ និងស្បែកជើងនោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដោយនៅក្រោមកែបម៉ូតូ ឃើញមានសំបកកញ្ចប់បារី ចំនួន២កញ្ចប់ មួកប៉ារ៉េ ពណ៌ខ្លាញ់ក្តាម ម៉ាក nike ចំនួន១ អាវដៃខ្លីកូនក្មេងតូច ពណ៌ទឹកក្រូច មានឆ្នូតៗខ្មៅ ចំនួន១។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩  ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បានទទួលព័ត៌មាន ពីលោកឆឺត ហាក់ អនុប្រធានភូមិកោះរកា បានរាយការណ៍មកថា មានសាកសពមនុស្សម្នាក់ទើរនៅច្រាំងទន្លេ ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។  ភ្លាមនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ  សហការជាមួយផ្នែកជំនាញនគរបាលយុត្តិធម៌  និងអាជ្ញាធរមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ហើយបានធ្វើការពិនិត្យសាកសព ឃើញថា សាកសពដេកផ្ងារក្បាលទៅត្បូង ជើងសណ្តូក ទៅទិសខាងជើង កំពស់១,៦៥ម៉ែត្រ ពាក់អាវសាច់ក្រណាត់ពណ៌ខ្មៅ មានផ្កាពណ៌លឿង ស្លៀកខោខូវប៊យជើងវែងពណ៌ទឹកប៊ិក ស្លៀកខោក្នុងពណ៌ខ្មៅ នៅក្នុងហោប៉ៅខោខូវប៊យ មានទូរស័ព្ទម៉ាកណូគា អិនចុចពិល ១គ្រឿង កាបូបដៃពណ៌សូកូឡា១ មានលុយខ្មែរចំនួនដប់ម៉ឺនរៀល។ ចំណែកសាកសពមានសភាពហើមលៀនភ្នែក និងអណ្តាតមានរលាត់ស្បែកលើដងខ្លួននិងផ្ទៃមុខ មានទឹករាវហូរចេញតាមមាត់និងច្រមុះ ពេលជំនាញធ្វើការត្រួតពិនិត្យ ក្រៅពីស្លាកស្នាមខាងលើ ពុំមានស្លាកស្នាមអ្វីផ្សេង គួរឱ្យកត់សម្គាល់ឡើយ។

តាមការបំភ្លឺពីឈ្មោះហ៊ាង ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ ជាជាងផ្សារសាឡង់ នៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ថា កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩  គាត់បានឃើញមនុស្សប្រុសកំពុងតែលង់ទឹកនៅខាងកើតសាឡង់របស់គាត់ ហើយគាត់និងកម្មករផ្សេងទៀត បានបោះប៊ីដុងចំណុះ៣០លីត្រ ដើម្បីជួយសង្គ្រោះជនរងគ្រោះដែរ ប៉ុន្តែជនរងគ្រោះចាប់ពីដុងមិនបាន ធ្វើឱ្យលិចចូលក្នុងទឹកបាត់ទៅ។

ចំណែកឈ្មោះគង់ ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ នៅភូមិកោះរកា បានបញ្ជាក់ថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានរថយន្តស្ទូច១គ្រឿង បានមកឈប់ទិញអីវ៉ាន់របស់គាត់ និងបានប្រាប់គាត់ថា មានម៉ូតូ១គ្រឿងទុកចោលនៅលើស្ពានព្រែកតាមាក់ ពុំឃើញមានម្ចាស់ទេ ភ្លាមនោះ គាត់ក៏ជិះម៉ូតូមកមើលឃើញម៉ូតូ និងស្បែកជើងផ្ទាត់១គូ នៅជិតម៉ូតូ តែមិនមានឃើញ មនុស្សទេ ទើបរាយការណ៍ជូនសមត្ថកិច្ច តែម្តង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ករណីខាងលើនេះ ជនរងគ្រោះគឺបានលោតពីលើស្ពានព្រែកតាមាក់ លង់ទឹកស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានសម្រេចបូជាសាកសពជនរងគ្រោះ និងរក្សាធាតុ (ឆ្អឹង) ទុកស្រាវជ្រាវក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES