ខេត្តបន្ទាយមានជ័យ ៖ យុវតីម្នាក់បានបាត់ខ្លួនអស់រយៈពេល៣ថ្ងៃមកហើយ នៅតែមិនមានដំណឹងសោះ បន្ទាប់ពីនាងចេញទៅធ្វើការនៅហាងអ៊ុតសក់ រួចក៏បាត់ខ្លួនដោយ គ្មានដំណឹង ធ្វើឱ្យស្ត្រីជាម្តាយមានការព្រួយបារម្ភខ្លាច កាន់រូបថតកូនស្រី តាមស្វែងរកសព្វកន្លែង។

យុវតីដែលបាត់ខ្លួន មានឈ្មោះចក់ ស្រីពេជ្រ អាយុ១៥ឆ្នាំ ធ្វើការអ៊ុតសក់ នៅក្រុងប៉ោយប៉ែត សព្វថ្ងៃស្នាក់នៅជាមួយម្តាយ ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមសម្តីស្ត្រីជាម្តាយយុវតី ដែលបាត់ខ្លួន ឈ្មោះទូច ស្រីពៅ អាយុ៥១ឆ្នាំ បានប្រាប់ថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់បានចេញទៅធ្វើការនៅហាងអ៊ុតសក់ក្នុងក្រុងប៉ោយប៉ែត ដូចសព្វដង លុះដល់ម៉ោងចេញពីធ្វើការវិញ បែរជាមិនឃើញត្រឡប់មកផ្ទះសោះ ទើបធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ នាំគ្នាដើរតាមស្វែងរកភ្លាមៗដែរ តែមិនទទួល បានដំណឹងអ្វីទាំងអស មកដល់ថ្ងៃនេះ គឺរយៈពេល៣ថ្ងៃមកហើយ។

អំឡុងពេលដែលកូនស្រីបាត់ខ្លួននេះ គាត់ជាម្តាយបានកាន់រូបថត ដើរតាមរកកូនស្រី នៅតាមកាស៊ីណូ ផ្សារ និងទីប្រជុំជននានាដែរ ប៉ុន្តែមិនទាន់មានដំណឹងអ្វីទាំងអស់។ ហេតុនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញ កូនស្រីរបស់គាត់ ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងតាមទូរស័ព្ទលេខ 096-70 90 949”