Friday, November 14, 2025
Homeព័ត៌មានជាតិនិស្សិតស្រីចងកស្លាប់ ប៉ូលិសពិនិត្យរួចសែងសពរត់

និស្សិតស្រីចងកស្លាប់ ប៉ូលិសពិនិត្យរួចសែងសពរត់

ភ្នំពេញ ៖ យុវតីជានិស្សិតម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ បែរជាដាច់ចិត្តជ្រើសយកវិធីគិតខ្លីមកដោះស្រាយបញ្ហា ដោយបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលស្នាក់នៅរបស់ខ្លួន នៅជាន់ទី៦ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម រហូតដល់សាកសពឡើងហើមស្អុយ ទើបត្រូវបានគេប្រទះឃើញ និងមានការផ្អើលឆោឡោឡើង។

ករណីប្រទះឃើញនារីវ័យក្មេងជានិស្សិតចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលជាន់ទី៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៨៨ ជិតសាលារៀនប៊ែលធី ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

និស្សិតស្រីដែលគិតខ្លីចងកសម្លាប់ខ្លួននេះ មានឈ្មោះខន ស្រីលិន អាយុ២៣ឆ្នាំ មុនរបរជានិស្សិត និងឆ្លៀតធ្វើការក្រៅម៉ោង ជាអ្នកគិតលុយនៅហាងភីហ្សាមួយកន្លែង ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្តាយរបស់នារីរងគ្រោះបានទូរស័ព្ទទៅរកកូនស្រី តែមិនចូល ទើបនឹកឆ្ងល់ ក៏ប្រាប់ឱ្យកូនប្រុស (ប្អូនប្រុសរបស់នារីរងគ្រោះ) ទៅមើលបងស្រីនៅកន្លែងធ្វើការ  ប៉ុន្តែទៅដល់ ត្រូវអ្នករួមការងារប្រាប់ថា មិនឃើញនារីរងគ្រោះមកធ្វើការ២-៣ថ្ងៃហើយ  បន្ទាប់មកក៏បន្តទៅតាមរកមើលដល់បន្ទប់ជួលទៀត ប៉ុន្តែបន្ទប់ជួលជាប់សោ លុះពេលគោះទ្វារ  ស្រែកហៅក៏មិនឮមាត់ឆ្លើយតបវិញសោះ ជាហេតុធ្វើឱ្យមានការសង្ស័យ ក៏ប្រាប់ម្ចាស់ផ្ទះឱ្យជួយយកកូនសោមកចាក់ចូលទៅមើល ស្រាប់តែចូលទៅដល់ ក៏ប្រទះឃើញនារីរងគ្រោះចងកស្លាប់ ជាប់និងចម្រឹងបង្អួចបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឱ្យចុះមកពិនិត្យសព។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា សពនារីរងគ្រោះមានសភាពស្អុយទៅហើយ ដោយមិនដឹងថា សម្លាប់ខ្លួនតាំងពីពេលណាមកនោះទេ។ យ៉ាងណា សាកសពខាងលើត្រូវបានគេពិនិត្យឃើញថា មានឈាមទៀត ជាហេតុធ្វើឱ្យមានការមន្ទិលសង្ស័យថា តើករណីនេះ ជាករណីអត្តឃាត ឬជាឃាតកម្ម?

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញខាងកោសល្យវិច័យ តែមិនមានការបញ្ជាក់ឱ្យដឹងសោះថា នារីរងគ្រោះស្លាប់ដោយចងកមែន ឬមិនមែននោះទេ។ ជាងនេះទៅទៀត សមត្ថកិច្ចហាក់ព្យាយាមលាក់បាំងមិនផ្តល់ព័ត៌មានអ្វីសោះ សូម្បីតែរូបភាពក៏មិនឱ្យថត និងថែមទាំងបានសែងសពរត់ចូលរថយន្ត រួចប្រញាប់ប្រញាល់ដឹកសពចេញទៅបាត់តែម្តង៕

RELATED ARTICLES