Friday, November 14, 2025
Homeព័ត៌មានជាតិមាន១ហើយ ប្រាប់ថានៅសល់១ទៀត ស្មោះត្រង់ល្អមែន ចុងក្រោយជាប់ខ្នោះ

មាន១ហើយ ប្រាប់ថានៅសល់១ទៀត ស្មោះត្រង់ល្អមែន ចុងក្រោយជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញា ជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការចាប់ខ្លួន និងដកហូតថ្នាំញៀន។

ករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ឈ្មោះឆេង រតនា​ ហៅប៊ើក ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រីឯជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួនឈ្មោះស៊ីម សុខឃាង ហៅអៀង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន២កញ្ចប់ ក្នុងនោះធំ១កញ្ចប់ និងមធ្យម១កញ្ចប់, ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន១គ្រឿង ។

ប្រភពដដែលបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលជំនាញស្រុក ទទួលបានព័ត៌មានថា ជនសង្ស័យទាំង២នាក់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុភូមិឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងម្កាក់ និងប៉ុស្តិ៍រដ្ឋបាលពើក ចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះឆេង រតនាហៅប៊ើក ហើយឆែកឆេររក ឃើញថ្នាំញៀន១កញ្ចប់មធ្យម ជាប់ខ្លួន ដែលជនសង្ស័យបម្រុងយកលក់ឱ្យគេ ខណៈនោះ សមត្ថកិច្ចបានសួរនាំ រួចជនសង្ស័យឆ្លើយសារភាពថា ខ្លួនមានថ្នាំ១កញ្ចប់ទៀត លាក់ទុកក្រោមផ្ទះ ទើបសមត្ថកិច្ចឱ្យជនសង្ស័យនាំទៅយកថ្នាំញៀនដែលខ្លួនលាក់នោះ បាន១កញ្ចប់បន្ថែមទៀត… ពិតជាស្មោះត្រង់មែន ! អាស្មោះត្រង់ ! ជាប់គុកបាត់…។ ចំណែកឯជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យដែលរត់គេចខ្លួន នគរបាលនឹងបន្តស្រាវជ្រាវស្វែងរក ដើម្បីចាត់ការបន្តទៀត។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះឆេង រតនា ហៅប៊ើក ខាងលើនេះ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល៦ខែរួចមកហើយ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តែមិនរាងចាល ពេលចេញពីគុក ក៏ចាប់អាជីពដដែល៕

RELATED ARTICLES