Friday, November 14, 2025
Homeព័ត៌មានជាតិនាងមិនទាន់បានសម្រាកផង ប្រុសចាប់ច្របាច់ករំលោភ

នាងមិនទាន់បានសម្រាកផង ប្រុសចាប់ច្របាច់ករំលោភ

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ទើបនឹងចូលមកជួលបន្ទប់ស្នាក់នៅថ្ងៃដំបូង កំពុងរើអីវ៉ាន់ចូលមករៀបចំក្នុងបន្ទប់ មិនទាន់បានស្នាក់នៅស្រួលបួលផង ក៏ស្រាប់តែត្រូវប្រុសល្មោភកាមម្នាក់ ជាសាច់ញាតិម្ចាស់ផ្ទះជួល បានចូលមកធ្វើសកម្មភាពចាប់ច្របាច់កប៉ុនប៉ងរំលោភ តែសំណាងល្អ ត្រូវអ្នកជិតខាងឃើញទាន់ ស្រែកផ្អើលឆោឡោប្តឹងប៉ូលិសចុះអន្តរាគមន៍ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះជួល២នាក់ប្តីប្រពន្ធ រារាំងសមត្ថកិច្ចមិនឱ្យចូល ដើម្បីផ្តល់ឱកាសឱ្យជនសង្ស័យរត់គេចតាមទ្វារក្រោយបាត់ ទើបព្រមឱ្យសមត្ថកិច្ចចូលឆែកខ្យល់ ទីបំផុត ក៏ត្រូវសមត្ថកិច្ចនាំខ្លួនប្តីប្រពន្ធម្ចាស់ផ្ទះជួល ទៅសួរនាំនៅប៉ុស្តិ៍នគរបាល។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង ១០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ១១៤ ជាន់ទី១ ក្នុងផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវ១៩៧២ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលម្ចាស់ផ្ទះឱ្យរត់គេចទៅបាត់នោះ មានឈ្មោះរស់ នៅ ហៅទិត្យ នៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិត្រពាំងទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះ មានឈ្មោះ ទ.ម អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ទើបនឹងមកជួលបន្ទប់កើតហេតុស្នាក់នៅថ្ងៃដំបូង។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ទាំងអារម្មណ៍ភិតភ័យមិនទាន់បាត់ថា នាងទើបមកជួលបន្ទប់លេខ១១៤ ផ្ទះជួលខាងលើ ស្នាក់នៅ និងទើបរើអីវ៉ាន់ដាក់ក្នុងបន្ទប់ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លុះព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នាងក៏បានចូលទៅរៀបចំបន្ទប់ មិនទាន់បានដេកសម្រាកផង ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ដែលនាងមិនដែលស្គាល់ ដើរចូលចាប់ច្របាច់ក ផ្តួលនាងទៅលើគ្រែប៉ុនប៉ងចាប់រំលោភ តែត្រូវនាងស្រែក និងប្រឹងរើបម្រ ធ្វើឱ្យផ្អើលដល់អ្នកជិតខាងឃើញ ស្រែកផ្អើល ទើបជនសង្ស័យភ័យខ្លួនក៏រត់ចុះមកក្រោមវិញ។

នារីរងគ្រោះបន្តថា ភ្លាមៗនោះ នាងក៏បានទៅប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ដែរ តែពេលកម្លាំងសមត្ថកិច្ចចុះដល់ផ្ទះកើតហេតុ បែរជាម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ ព្យាយាមរារាំងមិនឱ្យសមត្ថកិច្ចចូលឡើយ ក្នុងបំណងទុកឱកាសឱ្យជនសង្ស័យរត់គេចទៅបាត់សិន ទីបំផុត ជនសង្ស័យរត់ចេញតាមទ្វារក្រោយបាត់ ទើបប្តីប្រពន្ធម្ចាស់ផ្ទះព្រមឱ្យសមត្ថកិច្ចចូល។

យោងតាមប្រភពពីកន្លែងកើតហេតុ បានបង្ហើបប្រាប់ថា ជនសង្ស័យត្រូវជាសាច់ញាតិរបស់ម្ចាស់ផ្ទះ ខ្លាចប៉ូលិសចាប់ខ្លួន ទើបម្ចាស់ផ្ទះប្រើល្បិចរារាំង មិនទាន់ឱ្យសមត្ថកិច្ចចូលភ្លាមទេ លុះជនសង្ស័យរត់ចេញតាមទ្វារក្រោយទៅបាត់ហើយ ទើបឱ្យប៉ូលិសចូលជាក្រោយ។

ដោយទង្វើម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ ដូចជាសមគំនិតជាមួយជនសង្ស័យ ទើបក្រោយពេលកើតហេតុ សមត្ថកិច្ចបានកោះហៅម្ចាស់ផ្ទះ ទៅសាកសួរនៅប៉ុស្តិ៍នគរបាល។ ចំណែកនារីរងគ្រោះក៏ដាក់ពាក្យបណ្តឹងផងដែរ៕

RELATED ARTICLES