ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១ និង២០នាទី រសៀល បុរសម្នាក់កំពុងឈរមើលគេភ្ជួរស្រែសុខៗ ក៏ស្រាប់តែឃើញមេឃចាប់ផ្តើមប្រែងងឹតរកកល់ចង់ភ្លៀង ក៏ប្រុងដើរចេញទៅរកកន្លែងជ្រក ស្រាប់តែអកុសល ភ្លាមនោះ ក៏មានផ្លេកបន្ទោរ រួចក៏ត្រូវរន្ទះបាញ់ប្រហារ បណ្តាលដួលស្លាប់នៅលើភ្លឺស្រែមួយរំពេច គ្មានអ្នក អាចជួយសង្គ្រោះទាន់ពេលវេលាបានឡើយ ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចវាលស្រែក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។

បុរសរងគ្រោះមានឈ្មោះបឿន ទ្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ក្រុមទី៤៨ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។
តាមប្រភពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅឈរមើលគេភ្ជួរដី នៅចំណុចវាលស្រែទីតាំងកើតហេតុខាងលើ ស្រាប់តែពេលនោះ មេឃក៏ចាប់ផ្តើមងងឹត រកកលចង់ភ្លៀង ឃើញបែបនេះ ជនរងគ្រោះក៏ប្រុងនឹងដើរចេញពីវាលស្រែ បំណងទៅរកកន្លែងជ្រក ស្រាប់តែរំពេចនោះ ក៏មានផ្លេកបន្ទោរ រួចរន្ទះក៏បានបាញ់ចំជនរងគ្រោះ បណ្តាលឱ្យដេកដួលស្តូកស្តឹងនៅលើភ្លឺស្រែតែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ អ្នកនៅក្បែរកន្លែងកើតហេតុ បានប្រទះឃើញក៏នាំគ្នាស្ទុះមកជួយ និងបម្រុងជួយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕