ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ កំពុងឈរអង្គុយមើលទូរទស្សន៍នៅលើគ្រែខាងក្រោមផ្ទះ ខណៈដែលមេឃកំពុងរលឹមធ្លាក់ភ្លៀង ក៏ស្រាប់តែត្រូវរន្ទះបានបាញ់ចំទូរទស្សន៍ និងធ្វើឱ្យជនរងគ្រោះដែលកំពុងអង្គុយមើលជិតនឹងទូរទស្សន៍ រងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានធ្វើឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត២រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល។

បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ទូរទស្សន៍តែឆ្លងមករងរបួសខ្លួនឯងនេះ មានឈ្មោះជិន ណារ៉ា អាយុ៦១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយមើលទូរទស្សន៍តែម្នាក់ឯងនៅលើគ្រែខាងក្រោមផ្ទះ លុះបន្តិចក្រោយមក មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងរលឹមស្រិចៗ ទើបជនរងគ្រោះបានខិតទៅកាន់តែជិត ដើម្បីស្តាប់សំឡេងបានច្បាស់ ស្រាប់តែរំពេចនោះ ក៏មានផ្លេកបន្ទោរចាំងព្រាក រួចរន្ទះក៏បានបាញ់ចំទូរទស្សន៍ ដែលជនរងគ្រោះកំពុងអង្គុយមើល និងបណ្តាលឱ្យជនរងគ្រោះរងរបួស សន្លប់ស្តូកស្តឹងតែម្តង។

ប្រភពដដែលបន្តថា ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារ រួមនឹងអ្នកភូមិ ក៏ប្រញាប់ស្ទុះមកជួយគក់ច្របាច់ និងបានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។

បច្ចុប្បន្ន ជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះជីវិតទាន់ពេល និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ៕