Friday, November 14, 2025
Homeព័ត៌មានជាតិមិនដឹងយ៉ាងណាទេ!!! ម្ចាស់ឡានទាំង៤គ្រឿង ទារសំណាងពីសាលាខេត្តសៀមរាប

មិនដឹងយ៉ាងណាទេ!!! ម្ចាស់ឡានទាំង៤គ្រឿង ទារសំណាងពីសាលាខេត្តសៀមរាប

ខេត្តសៀមរាប ៖ រថយន្តចំនួន៤គ្រឿង ក្នុងនោះ២គ្រឿងចតស្ងៀម ចំណែក២គ្រឿងកំពុងបើកបរលើដងផ្លូវ បានទទួលរងការខូចខាតយ៉ាងដំណាំ ខណៈដែលត្រូវប៉ាណូកាត់ទទឹងផ្លូវ ១ផ្ទាំងដែលត្រូវបានរដ្ឋបាលសាលាខេត្តសៀមរាប ដាក់តាំងអបអរថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តែមិនទាន់បានដោះចេញ និងត្រូវខ្យល់កន្ត្រាក់បោកបក់ ធ្វើឱ្យបាក់សង្កត់រថយន្ត តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែធ្វើឱ្យប្រជាពលរដ្ឋអ្នកដំណើរ ដែលកំពុងធ្វើដំណើរទៅមកកណ្តាលក្រុងទេសចរណ៍សៀមរាប ភ័យព្រលឹងចុងសក់គ្រប់គ្នា។

ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បោកបក់ធ្វើឱ្យផ្ទាំងប៉ាណូ បាក់សង្កត់រថយន្តចំនួន៤គ្រឿងនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចខាងលិចស្តុបកោះកេរ ចម្ងាយប្រមាណ២០ម៉ែត្រ ពីស្តុបមុខសណ្ឋាគារ អង្គរសាហ្វៀរ ស្ថិតក្នុងកណ្តាលក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមេឃចាប់ផ្តើមងងឹតរកកល់ចង់ភ្លៀង និងថែមមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងផងដែរ ដោយគ្របដណ្តប់ពេញក្នុងក្រុងសៀមរាប។ លុះបន្តិចក្រោយមក ស្រាប់តែគេឃើញផ្ទាំងប៉ាណូ១ផ្ទាំង ដែលត្រូវបានរដ្ឋបាលសាលាខេត្តសៀមរាប ដាក់តាំងកាលពីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប៉ុន្តែមិនទាន់បានដោះចេញ ត្រូវខ្យល់កន្ត្រាក់បោកបក់ បណ្តាលឱ្យបាក់ និងធ្វើឱ្យសង្កត់ទៅលើរថយន្តចំនួន៤គ្រឿង ដែលក្នុងនោះ២គ្រឿង កំពុងបើកបរ ចំណែក២គ្រឿងទៀត កំពុងចតស្ងៀម និងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ពិសេសអ្នកដំណើរឆ្លងកាត់ភ័យស្លន់ស្លោ ព្រលឹងចុងសក់គ្រប់គ្នា ប៉ុន្តែយ៉ាងណាក្តី ហេតុការណ៍មួយនេះមិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ។

រថយន្តទាំង៤គ្រឿងដែលទទួលរងការខូចខាត ដោយសារផ្ទាំងប៉ាណូបាក់សង្កត់នោះ រួមមាន ទី១-រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹក ប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Q-0987 ខូចខាតពាក់កណ្តាលតួទាំងស្រុង ទី២-រថយន្តម៉ាក HILUX ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2O-5967 ខូចខាតខាងមុខទាំងស្រុង ទី៣-រថយន្តម៉ាក Scion Xa ពណ៌ឈាមជ្រូក ពាក់ស្លាកលេខសៀមរាប 2C-1557 ខូចខាតចំពាក់កណ្តាលតួ និងទី៤-រថយន្តម៉ាក FORD ពណ៌ស គ្មានស្លាកលេខ ទើបអូសចេញពីឃ្លាំង ត្រូវចំកញ្ចក់ខាងមុខបន្តិច។

ជុំវិញហេតុការណ៍ខាងលើនេះ ជនរងគ្រោះជាម្ចាស់រថយន្តទាំង៤គ្រឿង បានទទូចទាមទារឱ្យខាងសាលាខេត្តសៀមរាប ចេញមុខទទួលខុសត្រូវផ្តល់សំណងដល់ពួកគាត់ ដោយពួកគាត់បានអះអាងថា នេះមិនមែនជាកំហុសរបស់ពួកគាត់ទេ គឺកំហុសមកពីខាងសាលាខេត្តតែម្តង ដែលមានការធ្វេសប្រហែសមិនបានរុះរើផ្ទាំងប៉ាណូចេញ។

ពាក់ព័ន្ធនឹងករណីនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងរដ្ឋបាលសាលាខេត្តសៀមរាប បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES