Friday, November 14, 2025
Homeព័ត៌មានជាតិឮសូរផូង ម្តាយឪពុករត់ទៅមើល បានត្រឹមសែងសពកូន ទាំងក្តីសោកសង្រេង

ឮសូរផូង ម្តាយឪពុករត់ទៅមើល បានត្រឹមសែងសពកូន ទាំងក្តីសោកសង្រេង

ខេត្តសៀមរាប ៖ យុវជនម្នាក់បានបាត់ជីវិតភ្លាមៗ ខណៈដែលរាលកៃកាំភ្លើងពេលចូលព្រៃ បរបាញ់សត្វទាំងយប់។ ហេតុការណ៍ដ៏រន្ធត់នេះ បង្កឱ្យមានការផ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចព្រៃល្ហៀង ខាងក្រោយ ផ្ទះជនរងគ្រោះប្រមាណ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។

យុវជនរងគ្រោះ មានឈ្មោះម៉ៅ សាត ហៅមី អាយុ២០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា តាមរយៈការបំភ្លឺបុរសឈ្មោះព្រំ ម៉ៅ អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះវ៉ាន់ លាតអាយុ៤៧ឆ្នាំ ត្រូវជាឪពុកម្តាយរបស់យុវជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កូនប្រុសរបស់ពួកគាត់បានយកកាំភ្លើងឆ្នុក ចេញទៅឆ្លុះសត្វក្រោយផ្ទះ ​ប្រហែល១០០ម៉ែត្រ លុះក្រោយពីកូនប្រុសដើរចេញផុតពីផ្ទះបានបន្តិច ពួកគាត់ក៏ស្រាប់តែឮសូរផ្ទុះផូង ទើបធ្វើឱ្យមានការសង្ស័យ ក៏ប្រញាប់នាំគ្នាស្ទុះរត់ទៅតាមមើល ស្រាប់តែពេលទៅដល់ ក៏ប្រទះឃើញកូនប្រុសរបស់គាត់ បានដួលផ្កាប់មុខទៅលើដី ចំណែកកាំភ្លើងឆ្នុកនៅអែបខ្លួនខាងស្តាំ ហើយនៅលើខ្លួនកូនប្រុសរបស់គាត់ មានរន្ធមុតបោះដៃផុតខាងស្តាំ ទើបដឹងថា កូនប្រុសរាលកៃកាំភ្លើងស្លាប់ដោយខ្លួនឯង ក៏នាំគ្នាសែងសាកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររាលកៃកាំភ្លើងច្នៃត្រូវចំខ្លួនឯង បណ្តាលឱ្យស្លាប់ប្រាកមែន។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឱ្យគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិអូររំចេក ឃុំស្រែណូយ ស្រុកវ៉ារិន៕

RELATED ARTICLES