ខេត្តកណ្តាល ៖ បុរសម្នាក់ដើរតែម្នាក់ឯងសុខៗ ក៏ស្រាប់តែដួលទាំងកំរោល ធ្វើឱ្យប្រជាពលរដ្ឋក្បែរនោះប្រទះឃើញ ស្ទុះចូលទៅជួយ គក់ច្របាច់ ស្រាប់តែអកុសល បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៥៥ឆ្នាំ សក់ខ្មៅ សម្បុរស្រអែម ពាក់អាវ២ជាន់ (អាវយឺតកបើកដៃវែង បង្កង់ពណ៌ខៀវលាយសពីក្នុង អាវខាងក្រៅពណ៌ខ្មៅដៃវែង) ស្លៀកខោក្រណាត់ជើងវែង ពណ៌ខ្មៅ កម្ពស់១,៦៥ម៉ែត្រ ដៃឆ្វេងមានដាច់ម្រាម២ គឺកូនដៃ និងដៃនាង និងមានសម្ភារជាប់ខ្លួន បារី១កញ្ចប់ ព្រមទាំងលុយចំនួន៥០០រៀល។
តាមការបំភ្លឺរបស់ឈ្មោះប៉ុល ស្រល ភេទប្រុស បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញជនរងគ្រោះ ដើរសុខៗក៏ស្រាប់តែដួលក្រោមម្លប់ដើមឈើ ជាប់នឹងផ្លូវ១១៥ ហើយក៏ចូលទៅជួយជនរងគ្រោះ ប៉ុន្តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីទាំងកើតហេតុ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងលោកគ្រូពេទ្យ បានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ។

សាកសពជនរងគ្រោះ ត្រួវបានសមត្ថកិច្ចប្រគល់ទៅអាជ្ញាធរយកទៅតម្កល់នៅវត្តព្រែកសំរោង រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕