ភ្នំពេញ ៖ បុរសជាមេឆ្នោតម្នាក់ បានលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយនារីម្នាក់ ដែលជាកូនកញ្ច្រែង (អ្នកកត់ឆ្នោតឱ្យខ្លួន) តាំងតែពីខាងស្រីទើបនឹងមានវ័យ១៧ឆ្នាំមកម៉្លេះហើយ រាល់ពេលរួមរ័កគ្នាម្តងៗ ខាងប្រុសចេះតែបែកគំនិតថតរូប និងវីដេអូទុកជានិច្ច តែខាងស្រីចេះតែព្យាយាមលុបចោលគ្មានសល់ ដឹងអី៥ឆ្នាំក្រោយមក បន្ទាប់ពីរួមរ័កគ្នាលើផ្ទះសំណាក់រួច ខាងស្រីភ្លេចលុបរូបចោល ក៏ស្រាប់តែខាងប្រុសរមាស់ដៃ បង្ហោះក្នុងហ្វេសប៊ុក ធ្វើឱ្យបែកធ្លាយរឿងអាស្រូវ នាំឱ្យខាងស្រីខ្មាសគេ ងើបមុខមិន រួចក៏ដាក់ពាក្យបណ្តឹង ប្តឹងទារជំងឺចិត្តពីប្រុសស្នេហ៍ ចំនួន២ម៉ឺនដុល្លារ តែខាងប្រុសប្រាប់ថា មានតែ៥០០ដុល្លារប៉ុណ្ណោះ។

ករណីប្រុសរពិសដៃ បង្ហោះរូបអាក្រាតស្រីស្នេហ៍ ផ្អើលហ្វេសប៊ុក រហូតដល់ខាងស្រីប្តឹងសមត្ថកិច្ចចាប់វ៉ៃខ្នោះ និងទារសំណងរាប់ម៉ឺនដុល្លារនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្សារត្រពាំងពោធិ៍ ហៅផ្សារយាយផា ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហង្ស សិង្ហ អាយុ៤១ឆ្នាំ ជាមេឆ្នោតវៀតណាម នៅក្នុងផ្សារត្រពាំងពោធិ៍។ ចំណែកនារីជាគូស្នេហ៍ មានអាយុ២៣ឆ្នាំ ជាអ្នកស៊ីឈ្នួល កត់ឆ្នោតឱ្យជនសង្ស័យខាងលើ ដោយផ្ទាល់។ អ្នកទាំង២ ស្នាក់នៅក្នុងផ្សារត្រពាំងពោធិ៍។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងនិងជនសង្ស័យ ដែលជាមេឆ្នោតបានលួចលាក់ទាក់ទងស្នេហាជាមួយគ្នារយៈពេល៥ឆ្នាំមកហើយ ពោលគឺតាំងពីនាងទើបមានអាយុ១៧ឆ្នាំ ហើយចូលទៅស៊ីឈ្នួលកត់ឆ្នោតឱ្យជនសង្ស័យម៉្លេះ។ ការស្រឡាញ់គ្នានោះ គឺធ្វើឡើងដោយលួចលាក់ប៉ុណ្ណោះ ហើយបុរសនេះតែងតែណាត់ជួបនាងរួមរ័កនៅតាមផ្ទះសំណាក់នានាជាញឹកញាប់ ដោយក្នុងរយៈពេល៣ទៅ៥ថ្ងៃម្តង ជារៀងរាល់សប្តាហ៍។

នារីរងគ្រោះបន្តថា អ្វីដែលប្រុសស្នេហ៍ចូលចិត្តធ្វើនោះ គឺការថតរូបក្នុងពេលកំពុងប្រតិបត្តិការរួមរ័កជាមួយគ្នា មានទាំងរូបសន្លឹក និងរូបវីដេអូឃ្លីបផងដែរ ប៉ុន្តែរាល់លើក នាងបានដណ្តើមយកទូរស័ព្ទពីជននេះ មកលុបរូបចោលមិនដែលទុកឡើយ។ លុះដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បុរសនេះបានណាត់ជួបនាងម្តងទៀត នៅក្នុងផ្ទះសំណាក់មួយកន្លែង មិនស្គាល់យីហោ នៅម្តុំខណ្ឌទួលគោក បន្ទាប់មក នៅពេលដែលពួកនាងបើកប្រតិបត្តិការរួមរ័កគ្នានោះ ប្រុសស្នេហ៍បានឆ្លៀតថតរូបទុកជាថ្មីម្តងទៀត ប៉ុន្តែលើកនេះនាងបានយកទូរស័ព្ទមកលុបរូបចោលដែរ តែលុបមិនអស់ ទើបធ្វើឱ្យរូបខ្លះបាននៅជាប់ក្នុងទូរស័ព្ទរបស់ប្រុសស្នេហ៍។

នារីរងគ្រោះ បានបញ្ជាក់ថា ស្រាប់តែក្រោយមក មិនដឹងជាយ៉ាងម៉េចប្រុសថ្លៃបែរជារមាស់ដៃ ប្រើប្រាស់អាខោនហ្វេសប៊ុកមួយ ឈ្មោះ Por Heng រួចក៏បានបង្ហោះនូវរូបភាពអាក្រាតរបស់នាង និងរូបភាពដែលពួកនាងបានរួមរ័កគ្នានៅក្នុងហ្វេសប៊ុក ធ្វើឱ្យមានការបែកធ្លាយខ្ទេចអស់គ្មានសល់ និងថែមទាំងធ្វើឱ្យនាងត្រូវអាម៉ាស់ងើបមុខមិនរួចទៀតផង។

ក្រោយពេលដែលបែកធ្លាយរូបអាសអាភាសបែបនេះ ទើបធ្វើឱ្យនារីរងគ្រោះទប់កំហឹងមិនបាន ក៏សម្រេចចិត្តដាក់ពាក្យប្តឹងសុំឱ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ ជួយអន្តរាគមន៍។ បន្ទាប់មកនារីរងគ្រោះបានប្រើល្បិចណាត់ឱ្យជនសង្ស័យជាប្រុសស្នេហ៍ ទៅជួបនៅក្នុងផ្ទះសំណាក់ សម្បត្តិមាស ដោយមិនឱ្យខាងប្រុសដឹងខ្លួនមុនឡើយ។ ចំណែកខាងប្រុសនឹកគិតថា បានឆ្ងាញ់មាត់ទៀតហើយ ក៏ប្រញាប់ទៅជួបស្រីស្នេហ៍ទាំងត្រហេបត្រហប លុះទៅដល់ មិនបានឆ្ងាញ់មាត់ បែរជាជាប់ខ្នោះទៅវិញ។

ជុំវិញករណីខាងលើនេះ ភាគីនារីរងគ្រោះបានដាក់បណ្តឹងទាមទារសំណងជំងឺចិត្ត ចំនួន២ម៉ឺនដុល្លារ ប៉ុន្តែខាងជនសង្ស័យបានអះអាងថា ខ្លួនមានលទ្ធភាពត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ។ យ៉ាងណា ករណីនេះ សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕