ខេត្តកំពត ៖ បុរសវ័យចំណាស់ម្នាក់ បានរត់ស្ទុះទៅពន្លត់ភ្លើងភ្លើងឆេះព្រៃ ដលកំពុងរាលមកជិតដល់ចម្ការស្វាយ ប៉ុន្តែបុរសរងគ្រោះឈ្លក់ផ្សែងដួលសន្លប់ ត្រូវភ្លើងឆេះខ្លួនឯង បណ្តាលឱ្យខ្លោចក្រញ៉ង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការន៍ដ៏រន្ធត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិប្រិយពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់។
បុរសរងគ្រោះមានឈ្មោះសូរ ផន អាយុ៧៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកូនៗរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះតែងតែទៅដេកចាំចម្ការស្វាយឱ្យកូន ស្រាប់តែនៅវេលារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ក៏មានភ្លើងឆេះព្រៃនៅក្បែរចម្ការស្វាយ។ ពេលនោះជនរងគ្រោះនិងកូនៗ អ្នកចម្ការដទៃទៀត បានចូលពន្លត់ លុះក្រោយពីពន្លត់ភ្លើងរួចរាល់ ស្រាប់តែបាត់ជនរងគ្រោះសូន្យឈឹង ទើបធ្វើឱ្យកូនៗនាំគ្នាដើរតាមរក ស្រាប់តែប្រទះឃើញជនរងគ្រោះត្រូវភ្លើងឆេះខ្លោចស្លាប់រួចក្រញ៉ង់ទៅហើយ។
បើតាមការសង្ស័យរបស់សមត្ថកិច្ច នៅពេលឃើញភ្លើងឆេះព្រៃឆេះរាលមកជិតដល់ចម្ការ ទំនងជាជនរងគ្រោះខ្លាចភ្លើងឆេះចម្ការស្វាយ ក៏ស្ទុះរត់ទៅពន្លត់ ទើបធ្វើឱ្យជនរងគ្រោះឈ្លក់ផ្សែងដួលសន្លប់ រួចក៏ត្រូវភ្លើងឆេះស្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវភ្លើងឆេះបណ្តាលឱ្យស្លាប់ប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕