Saturday, November 15, 2025
Homeព័ត៌មានជាតិចុមយក្ស!!! ឡិចសុីស ៣៣០ ក៏ឆេះខ្ទេចដែរ

ចុមយក្ស!!! ឡិចសុីស ៣៣០ ក៏ឆេះខ្ទេចដែរ

ខេត្តកណ្តាល ៖ ឃ្លាំងស្តុកឈើកុងប្លាកេ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅមួយ និងបង្កឱ្យឆេះដល់រថយន្តទំនើប ១គ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល។ ឃ្លាំងដែលទទួលរងការឆាបឆេះនេះ មានទំហំ១០ម៉ែត្រ គុណនឹង ២០ម៉ែត្រ។ ចំណែករថយន្តដែលរងការឆាបឆេះដែរនោះ ម៉ាក ឡិចស៊ីស RX-330 ។

ប្រតិបត្តិការពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅខាងលើនេះ មានការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញប្រតិបត្តិការ សហការជាមួយកម្លាំងប៉ុស្តិ៍បែកចាន និងប៉ុស្តិ៍ក្រាំងម្កាក់ និងប៉ុស្តិ៍ព្រៃពួច ព្រមទាំងកម្លាំងប្រជាការពារ នឹងប្រជាពលរដ្ឋជាច្រើននាក់ បានជួយពន្លត់ភ្លើងឆេះដ៏សន្ធោសន្ធៅនៅចំណុចខាងលើ និងប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៩គ្រឿង ដូចជា រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យខេត្តកណ្តាល ចំនួន៤គ្រឿង  រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូច លេខ៧០ (៧១១) ចំនួនន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងទ័ពឆ័ត្រយោង ៩១១ ចំនួន២គ្រឿង។ ដោយប្រើប្រាស់ទឹកសរុបអស់ចំនួន១៨ឡាន ទើបបានរលត់ជាស្ថាពរ នាវេលាម៉ោងជិត២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

សមត្ថកិច្ចស្រុកអង្គស្នួល បានបញ្ជាក់ឱ្យដឹងថា ឃ្លាំងខាងលើគឺស្តុកដោយបាឡែតឈើ និងបាឡែតជ័រ មានទំហំ១០ម៉ែត្រ គុណនឹង ២០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ជញ្ជាំងថ្ម និងមានម្ចាស់ឈ្មោះ ផន ផៃ ភេទប្រុស អាយុ៥២ឆ្នាំ (មុខរបេរលក់ដូរ) ក្នុងពេលកើតហេតុ ម្ចាស់មិននៅ។

នគរបាលស្រុកបន្តទៀតថា ចំពោះមូលហេតុដែលបង្កឱ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅនោះ សមត្ថកិច្ចបានសន្ឋិដ្ឋាន ជាជំហានដំបូងថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី (ទុស្សេខ្សែភ្លើង) ចេញជាអណ្តាតភ្លើងឆេះរាលដាលលឿន ហើយងំដោយសារខាងក្នុងស្តុកឈើកុងប្លាកេ ឈើកែច្នៃ និងបាឡែតជ័រ សម្រាប់កល់ពីក្រោមអីវ៉ាន់ផ្សេងៗច្រើនទៀតយ៉ាងសន្ធោសន្ធៅ ដោយប្រើប្រាស់ពេលជាច្រើនម៉ោង ទើបអាចគ្រប់គ្រង់បាន។

ទោះជាគ្រប់គ្រងបាន ក្រុមពន្លត់អគ្គិភ័យនៅបាញ់ទឹក បន្តរហូតដល់វេលាម៉ោង៤ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ទើបរលត់ទាំងស្រុង មិនរាលដាលទៅផ្ទះជិតខាងផ្សេងឡើយ ហើយក៏មិនមានអ្នកណារងរបួសដែរ ដែលបណ្តាលឱ្យឃ្លាំងទាំងមូល ត្រូវបានខូចខាតអស់ទាំងស្រុង ក្នុងនោះក៏មានរថយន្តមួយគ្រឿង ម៉ាក ឡិចស៊ីស RX-330 ដែលទុកក្នុងឃ្លាំងខាងលើ ក៏ត្រូវបានភ្លើងឆេះអស់ទាំងស្រុងផងដែរ៕

RELATED ARTICLES