ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានចូលខារ៉ាអូខេច្រៀងលេងៀបស្រី ស្រាប់តែប្រពន្ធដឹង ហៅឱ្យត្រឡប់មកផ្ទះវិញ ពេលនោះបុរសជាប្តីបានជិះម៉ូតូត្រឡប់មកផ្ទះវិញ បែរជាដើរទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បុសគិតខ្លី មានឈ្មោះលៀប សុផល អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនពលករ មានប្រពន្ធឈ្មោះខុម ចាន់ទី អាយុ៣៤ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមនារីជាប្រពន្ធជនរងគ្រោះ បានប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រលប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ប្តីរបស់នាបានទៅហូបការគេជាមួយមិត្តភក្ត្តិ លុះចេញពីរោងការ ក៏បង្ហួសចូលខារ៉ាអូខេ ច្រៀងលេងឱបស្រីទៀត។ លុះនាងដឹងថា នាងបានចុចទូរស័ព្ទទៅហៅប្តីចំនួន២ដង ប៉ុន្តែប្តីចេះតែឆ្លើយថា ទៅឥឡូវហើយៗ នាងក៏ចាំ ដូចកូនចាំម៉ែមកពីផ្សារអ៊ីចឹង។ លុះដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ប្តីរបស់នាងជិះម៉ូតូមកផ្ទះវិញ ពេលនោះ នាងក៏មិនបានរករឿងអ្វីនោះដែ ថែមទាំងចេញមកបើកទ្វារហៅប្តីឱ្យចូលផ្ទះទៀត ប៉ុន្តែប្តីរបស់នាងមិនព្រមចូលផ្ទះទេ ចំណែកនាងងងុយដេកពេក ក៏ចូលផ្ទះដេកវិញបាត់ទៅ។

ស្ត្រីជាប្រពន្ធរូបនេះ បានបន្តថា ស្រាប់តែមកដល់វេលាម៉ោង៦ព្រឹក ខណៈដែលនាងភ្ញាក់ពីដំណេក ស្រាប់តែប្រទះឃើញ ប្តីចងកនៅខ្ទមជាប់ជញ្ជាំងផ្ទះខាងកើត អង្កុញជើងស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោផ្អើលដល់អ្នកជិតខាង ស្ទុះមកជួយស្រាយចំណងដាក់ចុះក្រោម រួចដឹកទៅមន្ទីរពេទ្យដីថ្មី តែអកុសល គ្រូពេទ្យបានប្រាប់ថា ប្តីរបស់នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីឱ្យជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឱ្យទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
