ខេត្តកណ្តាល ៖ ម្ចាស់ភោជនីយដ្ឋាន និងខារ៉ាអូខេ ឡូហ្សិក II ដែលល្បីឈ្មោះបោះសំឡេងជាងគេ នៅក្រុងតាខ្មៅ ត្រូវបានភ្ញៀវដែលធ្លាប់ចូលញឹកញាប់ ដាក់ពាក្យប្តឹងថៅកែហាង ពីបទ “បង្កាច់កេរ្តិ៍” ដោយដើរនិយាយចោទភ្ញៀវថា យកលុយដុល្លារក្លែងក្លាយ ទៅចាយនៅទីតាំងរបស់ខ្លួន និងថែមទាំងប្រមាថមើលងាយភ្ញៀវថែមទៀត។

ភាគីដើមបណ្តឹង មានឈ្មោះលី គឹមសូរ ភេទប្រុស អាយុ៥៦ឆ្នាំ មានលំនៅភូមិប្ញស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ។ ចំណែកថៅកែស្រីដែលទទួលរងពាក្យបណ្តឹងខាងលើ មានឈ្មោះ ម៉េត សុភា ភេទស្រី អាយុ៣៧ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋាន និងខារ៉ាអូខេឡូហ្សិក II ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

តាមសម្តីបុរសជាដើមបណ្តឹង ឈ្មោះលី គឹមសូរ បានឱ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងថៅកែខារ៉ាអូខេ ឡូហ្សិក II ឈ្មោះម៉េត សុភា ពីបទ “បង្កាច់កេរ្តិ៍” ចូលទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយលោកបញ្ជាក់ថា នៅថ្ងៃខែមិនចាំ ក្នុងឆ្នាំ២០១៩ ខ្ញុំបាទឧស្សាហ៍ចេញចូលហូបបាយពេលថ្ងៃត្រង់ នៅភោជនីយដ្ឋាន ឡូហ្សិក II និង KTV លុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឈ្មោះម៉េត សុភា បាននិយាយប្រាប់ ឈ្មោះមាស សុខឡាយ ភេទប្រុស អាយុ៣៩ឆ្នាំ ភេទប្រុស អាយុ៣៩ឆ្នាំ ដែលមានលំនៅភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មុខរបរមេការនៅភោជនីយឡូហ្សិក II ថា គាត់យកបានលុយដុល្លារក្លែងក្លាយមកចាយនៅភោជនីយដ្ឋាន ឡូហ្សិក II មិនតែប៉ុណ្ណោះ ថែមទាំងប្រមាថមើលងាយមកលើរូបគាត់ ថាមានលុយចាយហើយ ចរិតដូចបាតផ្សារទៀតផង។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីថៅកែស្រីភោជនីយដ្ឋាន និងខារ៉ាអូខេ ឡូហ្សិក II បាននៅឡើយទេ កាលពីព្រឹកមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

តាមប្រភពពីមជ្ឃដ្ឋានជាច្រើន ដែលរស់នៅក្បែរភោជនីយដ្ឋាន ឡូហ្សិក II និង KTV បានលួចបង្ហើបថា ស្ទើរជារៀងរាល់យប់ ទីតាំងនោះបានបង្កសំឡេងរំខានដល់ពួកគាត់ និងជាពិសេស គឺភ្ញៀវដែលចូលទៅទីតាំងនោះ តែងតែផឹកស្រាហើយ បោកកែវ បោកចាន ធ្វើឱ្យពួកគាត់មានការភិតភ័យ។ ពួកគាត់ក៏ស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មេត្តាមានវិធានការទៅលើទីតាំងនោះផង៕