Saturday, November 15, 2025
Homeព័ត៌មានជាតិនារីខារ៉ាអូខេបម្រុងទៅហើយ... ប្រុសចាប់ដៃជាប់ អូសមកប៉ុស្តិ៍ប៉ូលិស

នារីខារ៉ាអូខេបម្រុងទៅហើយ… ប្រុសចាប់ដៃជាប់ អូសមកប៉ុស្តិ៍ប៉ូលិស

ភ្នំពេញ ៖ នារីខារ៉ាអូខេរូបស្រស់ម្នាក់ បានបែកគំនិតលបចូលផ្ទះរបស់គេ លួចប្រមូលយកទ្រព្យសម្បត្តិ ចិញ្ចៀន នាឡិកា លុះ៤ថ្ងៃក្រោយមក ក៏បានយកទៅបញ្ចាំ ស្រាប់តែគាប់ជួនម្ចាស់គេប្រទះឃើញ ក៏ប្តឹងប៉ូលិសចាប់ជាប់ កាលពីវេលាម៉ោង៦និង៥៧នាទីព្រលប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាងបញ្ចាំមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសួង លីលី អាយុ២២ឆ្នាំ មុខរបរអ្នកបម្រើខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ មានឈ្មោះអុន មករា អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកញ្ជូន ស្នាក់នៅផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានយកនាឡិកាដៃខ្សែ១គ្រឿង ទូរសព្ទ័ដៃ៣គ្រឿង និងចិញ្ចៀនពេជ្រ១វង់ ទុកលើក្តារអ៊ុតខោអាវ ក្នុងផ្ទះចំណុចកើតហេតុ រួចជនរងគ្រោះបានចូលទៅដេកក្នុងបន្ទប់ លុះព្រឹកឡើង បាត់មិនឃើញរបស់អស់តែម្តង។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៦និង៥៧នាទីព្រលប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានឃើញនាឡិកាដៃ ដែលខ្លួនបាត់ នៅហ្នឹងដៃរបស់ជនសង្ស័យកំពុងយកទៅបញ្ចាំនៅម្តុំសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ឃើញដូច្នេះ ជនរងគ្រោះបាននាំជនសង្ស័យប្រគល់ឱ្យសមត្ថិកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានទិញទូរស័ព្ទពីមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ រួចខ្លួនបានយកនាឡិកាដៃខាងលើទៅបញ្ចាំ ក៏ត្រូវជនរងគ្រោះឃើញ ហើយបាននាំខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

RELATED ARTICLES