ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទំនប់ត្រីពោធិ៍ក្នុង ស្ថិតក្នុងភូមិបាស្រូវ ឃុំជលសា ស្រុកជលគិរី។
ស្ត្រីរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះទឹម ឃឿន អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះ រួមនឹង អ្នកភូមិជាច្រើននាក់ទៀត បាននាំគ្នាចេញទៅច្រូតស្រូវ នៅចំណុចវាលស្រែ កន្លែងកើតហេតុខាងលើ។ លុះមកដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែល ក្រោយពីច្រូតកាត់រួចរាល់ ណាមួយស្របពេលដែលមេឃងងឹត ធ្លាក់ភ្លៀងផងនោះ ទើបស្ត្រីរងគ្រោះ រួមនឹងអ្នកភូមិ បានរៀបចំនាំគ្នាត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសល ភ្លាមនោះ ក៏មានរន្ទះបាញ់ បាញ់ចំស្ត្រីរងគ្រោះ បណ្តាលឱ្យដេកស្តូកស្តឹងនៅនឹងកន្លែង ហើយភ្លាមនោះ ក្រុមអ្នកភូមិបាននាំគ្នាស្ទុះទៅជួយសង្គ្រោះភ្លាមៗដែរ តែអកុសល ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ក្រុមអ្នកភូមិបាននាំគ្នាសែងសពស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕