ភ្នំពេញ ៖ ក្មេងប្រុសចំនួន៣នាក់ បានបបួលគ្នាចុះទៅងូតទឹកស្រះ ស្រាប់តែក្មេងប្រុសម្នាក់បានរអិលជើងចូលកន្លែងទឹកជ្រៅ ហែលមិនរួច បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្រះទឹក ក្នុងវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ក្មេងរងគ្រោះមានឈ្មោះឡាយ វ៉ាន់ណាត អាយុ១៣ឆ្នាំ ជាក្មេងកំព្រា នៅឯក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តែមកលេងជាមួយក្មេងនៅអង្គការមិត្តសំលាញ់ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីក្មេងប្រុស២នាក់ ដែលមកលេងទឹកស្រះជាមួយក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេ៣នាក់ បានមកចុះងូតទឹកស្រះហែលលេង ពេលនោះក្មេងប្រុសរងគ្រោះបានរអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ឈ្លក់ទឹក តែភ្លាមៗនោះ ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្ទុះទៅជួយស្រង់ឡើងគោកទាន់ពេលវេលា និងបានព្យាយាមដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសុល ក្មេងប្រុសរងគ្រោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ដោយឡែក ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទាំង៣នាក់ បាននាំគ្នាចុះងូតទឹកស្រះលេង ហើយមានក្មេងប្រុសម្នាក់បានលង់ទឹក ធ្វើឱ្យឆោឡោនាំគ្នាជួយស្រង់ឡើងគោក ដោយឃើញសភាពមិនស្រួល អស់រយៈពេលជិត១ម៉ោង មិនដឹងខ្លួន ក៏បានហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅមន្ទីរពេទ្យ។
តាមក្រុមសង្គ្រោះបានឱ្យដឹងថា គួរឱ្យសោកស្តាយ ក្រោយពីក្មេងរងគ្រោះលង់ទឹកអស់រយៈពេលជិតមួយម៉ោង ទើបរករថយន្តសង្គ្រោះ ជាក្រោយ ជាអកុសល ក្មេងប្រុសរងគ្រោះ ក្រោយពីដឹកបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះត្រូវបានដឹកវិលត្រឡប់មកតម្កល់ទុកនៅវត្តជម្ពូវ័នវិញ រង់ចាំជំនាញធ្វើការពិនិត្យ កោសល្យវិច័យ រួចទំនាក់ទំនងទៅខាងអង្គការ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕