ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានស្ពាយកាបូបភ្ជាប់ជាមួយនឹងគ្រាប់បែកច្នៃចំនួន៥គ្រាប់ ដើរចូលទៅក្នុងហាងចិនមួយកន្លែង បំណងគំរាមថៅកែហាងដែលជាជនជាតិចិនដូចគ្នា ពីរឿងជម្លោះចូលហ៊ុនរកស៊ីជាមួយគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះអន្តរាគមន៍ចាប់ក្របួចជនសង្ស័យជាប់ និងទាក់ទងហៅខាងជំនាញស៊ីម៉ាក់ចុះមកពិនិត្យ ទើបដឹងថា តាមពិតក្នុងគ្រាប់បែកច្នៃនោះ សុទ្ធតែជាដីខ្សាច់ គ្មានរំសេវផ្ទុះបន្តិចសោះឡើយ។

ហេតុការណ៍ជនជាតិចិនស្ពាយគ្រាប់បែកច្នៃ៥គ្រាប់ ទៅគំរាមថៅកែហាងជាជនជាតិចិនដូចគ្នានេះ បានកើតមានការផ្អើលឆោឡោឡើង កាលពីវេលា៨និង៤០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាងចិន លក់គុជ យីហោហឺហឺ មានទីតាំងស្ថិតនៅផ្ទះជួល តាមបណ្តោយផ្លូវបេតុង ចំណុចមុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនសង្ស័យបង្កៃគ្រាប់បែកច្នៃ មានឈ្មោះលីវ ជីន 9ឡីូ ណ្ញូប អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែន លេខ ែ៤៤៩០៨១១២៧។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ គេឃើញជនសង្ស័យជាជនជាតិចិនខាងលើ បានជិះម៉ូតូកង់បី ដោយមានស្ពាយកាបូប១ជាប់ខ្លួនផង បានមកឈប់នៅចំណុចខាងមុខ ហាងចិនខាងលើ រួចក៏ចុះពីលើកង់បី ដើរចូលទៅសាកសួររកឈ្មោះតឹង ជាជនជាតិចិនដូចគ្នា តែត្រូវបានម្ចាស់ផ្ទះប្រាប់ថា មិនឃើញទេ ព្រោះឈ្មោះ តឹង គ្រាន់តែជាម៉ូយធ្លាប់ចេញចូលទិញទំនិញនៅក្នុងហាងប៉ុណ្ណោះ តែពេលនេះមិនដែលឃើញមកទេ តែជនសង្ស័យមិនជឿ និងថែមទាំងបានចោទប្រកាន់ម្ចាស់ហាងចិន ថាបានលាក់ឃុតឃិតគ្នា បន្ទាប់មកជនសង្ស័យក៏បានទាញយកវត្ថុម៉្យាង សង្ស័យជាគ្រាប់បែកច្នៃ មានភ្ជាប់នាឡិកាមួយផង មកដាក់ក្នុងផ្ទះគំរាមម្ចាស់ហាង ដើម្បីឱ្យម្ចាស់ហាងហៅឈ្មោះតឹង ជាគូជម្លោះរបស់គេឱ្យចេញមកជួបរូបគេកុំខាន។

បេលនោះម្ចាស់ទីតាំងលើ បានស្រែកឆោឡោឡើង និងរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ហើយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌបានដឹកនាំកម្លាំង ដើម្បីចុះទៅអន្តរាគមន៍ និងចាប់ខ្លួនជនសង្ស័យឈ្មោះ លីវ ជីន រួមជាមួយវត្ថុតាង និងបានធ្វើការទាក់ទងទៅខាងអង្គភាពស៊ីម៉ាក់ ឱ្យចុះធ្វើការពិនិត្យភ្លាមៗផងដែរ។

លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា គ្រាប់បែកកែច្នៃដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ជាមួយជនជាតិចិនម្នាក់ នៅខណ្ឌពោធិ៍សែនជ័យនោះ ជាប្រភេទគ្រាប់មិនផ្ទុះបាននោះទេ ដោយសារគ្មានខ្សែឈ្នួនផ្ទុះ ហើយនៅខាងក្នុងបំពង់នោះ មានតែដីខ្សាច់ មិនមែនរំសេវនោះទេ។ ហើយតាមការត្រួតពិនិត្យរបស់មន្ត្រីជំនាញស៊ីម៉ាក់ បានបង្ហាញថា ជាប្រភេទគ្រាប់បែកកែច្នៃមិនអាចផ្ទុះនោះទេ ដូច្នេះមិនបង្កគ្រោះថ្នាក់អ្វីឡើយ។

លោកស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា “សូមសាធារណជនជ្រាប ក្រោយសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់ លើករណីជនជាតិចិន ដែលគេសង្ស័យយកគ្រាប់បែកកែច្នៃទៅដាក់ផ្ទះមិត្តភក្តិនោះ មិនមែនជាគ្រាប់បែកនោះទេ ដោយសារពិនិត្យមើលនៅក្នុងបំពង់ទាំងអស់នោះ ឃើញសុទ្ធតែខ្សាច់ មិនមានរំសេវ”។ ករណីនេះផ្តើមចេញពីគំនុំរកស៊ីជាមួយដៃគូរបស់ខ្លួន ជាជនជាតិចិនដូចគ្នា ទើបធ្វើឱ្យជនសង្ស័យយកគ្រាប់បែកកែច្នៃ មកគំរាមដៃគូជម្លោះរបស់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះលីវ ជីន បានឆ្លើយសារភាពថា ខ្លួនបានលេងហ្គេមអនឡាញ (ក្នុងកម្មវិធីម៉្យាងដែលលេងផង មើលមុខគ្នាឃើញផង) ជាមួយឈ្មោះតឹង ហើយបានប្រកែកខ្វែងគំនិតគ្នាតាមប្រព័ន្ធអនឡាញ ហើយឈ្មោះតឹង នោះ ក៏មានបញ្ហាជំពាក់លុយកាក់ ខ្លួនផងដែរ ពាក់ព័ន្ធការរកស៊ីចូលហ៊ុនគ្នា ហើយខ្លួនចង់ជួបឈ្មោះតឹង តែមិនដឹងថាស្នាក់នៅឯណា។ លុះពេលដឹងថា ឈ្មោះតឹង ឧស្សាហ៍មកហាងលក់តែគុជខាងលើ ទើបខ្លួនមកហាងខាងលើដើម្បីរក តែមិនជួប ណាមួយនឹកស្មានថា ថៅកែហាងចង់លាក់បាំង ក៏ដកគ្រាប់បែកច្នៃមកគំរាមតែម្តង ដែលតាមការពិត វត្ថុខាងលើមិនមែនជាគ្រឿងផ្ទុះទេ គឺខ្លួនធ្វើលេងដើម្បីគំរាមតែប៉ុណ្ណោះ។

ក្រោយពីមន្ត្រីស៊ីម៉ាក ធ្វើការត្រួតពិនិត្យរួច បានសន្និដ្ឋានថា មិនមែនជាគ្រឿងផ្ទុះទេ គឺជនសង្ស័យរៀបចំឱ្យដូចគ្រឿងផ្ទុះ ដើម្បីគំរាមអ្នកដទៃ ដូចចម្លើយរបស់ជនសង្ស័យមែន។

បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានកម្លាំងនគបាលរក្សាទុក ចំណែកជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំចាត់ការបន្តតាមនីតិវិធី៕
