Saturday, November 15, 2025
Homeព័ត៌មានជាតិម្នាក់ៗញាប់ដៃញាប់ជើងបញ្ជូនគាត់ទៅពេទ្យ ក្រោយឮសំឡេងផ្ទុះកក្រើក

ម្នាក់ៗញាប់ដៃញាប់ជើងបញ្ជូនគាត់ទៅពេទ្យ ក្រោយឮសំឡេងផ្ទុះកក្រើក

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានដើរចូលព្រៃ បំណងដើររកជីកទំពាំងយកមកទុកស្លហូបខ្លះ លក់ខ្លះ គ្រាន់បានប្រាក់ដោះស្រាយជីវភាព ស្រាប់តែអកុសល មិនទាន់បានជីកទំពាំងផង ក៏ដើរជាន់ចំមីន១គ្រាប់ បណ្តាលឱ្យផ្ទុះកក្រើក ធ្វើឱ្យស្ត្រីរងគ្រោះរងរបួសដាច់ជើងម្ខាង រងរបួសយ៉ាងធ្ងន់។

ហេតុការណ៍ស្ត្រីដើររកទំពាំងក្នុងព្រៃ បែរជាជាន់មីនផ្ទុះដាច់ជើងម្ខាងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរវត្តតាម៉ាំង ស្ថិតក្នុងភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក។

ស្ត្រីរងគ្រោះដែលដើរជាន់មីនផ្ទុះ បណ្តាលឱ្យរងរបួសដាច់ជើងម្ខាង មានឈ្មោះស្តុក ស្រីពៅ អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ រងរបួសដាច់ជើងខាងស្តាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះ ចូលទៅក្នុងព្រៃខាងលើ ទីតាំងកើតហេតុខាងលើ បំណងដើររកជីកទំពាំងយកទៅស្លហូបខ្លះ ទុកលក់ខ្លះគ្រាន់បានប្រាក់ដោះស្រាយជីវភាព។ លុះពេលកំពុងដើររកទំពាំង មិនទាន់ទាំងបានជីកផង ក៏ស្រាប់តែជួបគ្រោះអកុសល ដើរជាន់ចំគ្រាប់មីន១គ្រាប់ ធ្វើឱ្យផ្ទុះឡើងកក្រើក បង្កឱ្យជើងខាងស្តាំរបស់គាត់ដាច់ខ្ទេច រងរបួសយ៉ាងធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដើម្បីសង្គ្រោះជីវិត៕

RELATED ARTICLES