ខេត្តកំពង់ស្ពឺ ៖ កាលពីវេលារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់បានជិះម៉ូតូដឹកធុងទៅដងទឹកត្រពាំង បំណងយកមកទុកប្រើប្រាស់ ពេលចុះទៅដងទឹក ក៏ស្រាប់តែអាការជំងឺរើឡើង ធ្វើឱ្យប្រកាច់ចូលក្នុងទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាង អាណោចអាធ័ម។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ ស្ថិតនៅខាងលិចសាលាបុណ្យ ក្នុងភូមិចាម ឃុំវាល ស្រុកគងពិសី។
បុរសរងគ្រោះមានឈ្មោះពេជ្រ ឡឹង អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើបានកើតមានជំងឺប្រកាច់តាំងពីកំណើត កន្លងមក ក៏មិនធ្លាប់មានបញ្ហាអ្វីនោះឡើយ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូដឹកធុងទឹកចំនួន២ សំដៅទៅត្រពាំងទឹកទីតាំងកើតហេតុខាងលើ ពេលដងទឹកបាន១ធុងហើយ ជនរងគ្រោះក៏លើកយកមកដាក់លើម៉ូតូ រួចបានចងយ៉ាងត្រឹមត្រូវ បន្ទាប់មក ជនរងគ្រោះដងថែម១ធុងទៀត ដឹងអី! ពេលនោះស្រាប់តែស្ថានភាពជំងឺរបស់ជនរងគ្រោះបានរើឡើង ធ្វើឱ្យជនរងគ្រោះប្រកាច់ចូលទៅក្នុងទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង ដោយគ្មាននរណាម្នាក់បានដឹងនោះទេ។
ក្រោយកើតហេតុ មានអ្នកភូមិធ្វើដំណើរឆ្លងកាត់បានប្រទះឃើញ ក៏រត់ទៅប្រាប់ក្រុមគ្រួសារ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមក ពិនិត្យតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុ ដោយសារតែជំងឺជនរងគ្រោះធ្វើទុក្ខ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕