ខេត្តក្រចេះ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយសារតែយុវជនម្នាក់បានយកឧបករណ៍សម្រាប់បាញ់ដែកគោល មកជន្លលេងជាមួយនឹងមិត្តភក្តិរួមការងារម្នាក់ លុជ្រុះលដៃ ក៏ចុចចំគន្លឹះ ធ្វើឱ្យគ្រាប់ដែកគោលបាញ់ធ្លាយគូទយុវជនជាមិត្តភក្តិ បណ្តាលឱ្យរងរបួសធ្ងន់ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់ បានកើតឡើង កាលពីវេលារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ។

យុវជនជាជនបង្ក មានឈ្មោះអាំ មឿន អាយុ២៣ឆ្នាំ មុខរបរជាងឈើ មានលំនៅភូមិជើងពាត ឃុំកោះខ្ញែរ ស្រយកសំបូរ។ ចំណែកយុវជនរងគ្រោះ មានឈ្មោះទុំ និរន្ត អាយុ២៣ឆ្នាំ មុខរបរជាងឈើជាមួយគ្នា និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កបានយកឧបករណ៍សម្រាប់បាញ់ដែកគោល មកជន្លលេងដាក់ជនរងគ្រោះ ពេលនោះអ្នករួមការងារផ្សេងទៀតឃើញ ស្រែកហាមដែរ តែជនបង្កមិនព្រមស្តាប់ នៅតែលើកឧបករណ៍នោះ មកជន្លជនរងគ្រោះរហូត ចុងក្រោយ ស្រាប់តែជនបង្កបានចុចចំគន្លឹះ ធ្វើឱ្យដែកគោល បានបាញ់ចំគូទរបស់ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយបន្តបញ្ជូនទៅព្យាបាលនៅភ្នំពេញទៀត ដោយសារតែស្ថានភាពរបួសហាក់មានសភាពធ្ងន់ធ្ងរ។ ចំណែំកជនបង្ក ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំបូរ។/