Saturday, November 15, 2025
Homeព័ត៌មានជាតិប្តីឈឺចាប់បំផុត ប្រពន្ធសម្រាលកូន២ថ្ងៃ មិនទាន់បានឃើញមុខផង ស្លាប់ចោល

ប្តីឈឺចាប់បំផុត ប្រពន្ធសម្រាលកូន២ថ្ងៃ មិនទាន់បានឃើញមុខផង ស្លាប់ចោល

ខេត្តកែប ៖ ជារឿងដ៏គួរសង្វេគ និងរន្ធត់ចិត្តបំផុត សម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលស្ត្រីជាប្រពន្ធទើបនឹងសម្រាលកូនទី២ បានចំនួន២ថ្ងៃ មិនទាន់ទាំងបានឃើញមុខកូនផង ក៏ស្រាប់តែលាចាកលោកទៅដោយគ្មានថ្ងៃវិលត្រឡប់ ជាហេតុធ្វើឱ្យបុរសជាប្តីសោកអាល័យ រកពាក្យអ្វីនិយាយលែងចេញ ព្រោះតែបាត់បង់ប្រពន្ធជាទីស្រលាញ់ពេញបេះដូង។

ស្ត្រីអភ័ព្វដែលសម្រាលកូនបាន២ថ្ងៃ បែរជាត្រូវចាកចោលប្តី និងកូនជាទីស្រលាញ់ទាំង២នាក់ ដោយគ្មានថ្ងៃវិលត្រឡប់នេះ មានឈ្មោះសឹង សុគន្ធាវី អាយុ២៧ឆ្នាំ ជាមន្ត្រីនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព ព្រឹទ្ធសភាព និងអធិការកិច្ចខេត្តកែប មានប្តីនិងកូនប្រុស២នាក់ក្នុងបន្ទុក មានលំនៅក្នុងក្រុងកែប។ ស្ត្រីរងគ្រោះដែលត្រូវគេស្គាល់ថា ត្រូវជាកូនទី២ របស់លោកសឹង ទាម នាយកសាលាបឋមសិក្សាកែប បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីសម្រាលកូនរួចបាន២ថ្ងៃប៉ុណ្ណោះ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Thearith Ly ត្រូវជាប្អូនថ្លៃរបស់ស្ត្រីរងគ្រោះខាងលើ បានបង្ហោះសារទុក្ខសោកមួយ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ដោយរៀបរាប់ថា “ពេលវេលាអើយ សូមកុំដើរលឿនពេកបានអត់? បងថ្លៃខ្ញុំទើបតែអាយុ២៧ឆ្នាំទេ។ កូនប្រុសរបស់គាត់ក៏ទើបតែចាប់កំណើត ម្តាយនិងកូនមិនទាន់បានមើលមុខគ្នាផង ហើយចុះពេលវេលាឯងចង់យកគាត់ទៅណា? ឱ្យគាត់មករកកូនប្រុសគាត់វិញមក។ សូមឱ្យចែៗឆាប់បានមកមើលកូនប្រុសចែៗនៅពេទ្យឆាប់ៗ វាយំរកចែហើយ។ បងស្រីហា កុំគេងយូរពេកណា៎…”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្តថា “នៅរស់និយាយគ្នាមិនបានច្រើន ពេលស្លាប់ក៏មិនបានលាគ្នា គិតទៅឆាកជីវិតមនុស្ស រវាងបងថ្លៃ និងប្អូន ពិតជាមិនស័ក្តិសមមែន។ សូមបងទៅឱ្យបានសុខ ក្មេងៗខ្ញុំនឹងជួយមើលថែឱ្យបានល្អ។ បងស្រី ធាវី…”។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ  Mey Mey ដែលត្រូវជាមិត្តភក្តិរបស់ស្ត្រីរងគ្រោះ ក៏បានបង្ហោះសារមួយផងដែរថា “សូមជូនដំណឹងមិត្ត Sokuntheavy Soeng កូនទីពីរ របស់លោកនាយកសាលាបឋមសិក្សាកែប លោកសឹង ទាម បានលាចាកលោកនេះទៅហើយ កាលពីអំបាញ់មិញនេះ សូមញាតិមិត្តជិតឆ្ងាយជ្រាបជាព័ត៌មាន និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះ សូមចូលរួមសោកស្តាយ ហេតុអីឯងអាយុខ្លីយ៉ាងនេះ ជាតិក្រោយសូមឱ្យឯងបានសុខ និងអាយុវែងណា៎ ទោះយើងលែងសូវស្និទ្ធស្នាលនឹងគ្នាដូចកាលយើងរៀនបឋម តែខ្ញុំនៅតែចាត់ទុកឯងជាមិត្តល្អ សូមឯងទៅកាន់សុគតិភព…”។

គួរបញ្ជាក់ថា យោងតាមការបញ្ជាក់ប្រាប់ពីសាច់ញាតិរបស់ស្ត្រីរងគ្រោះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលទើបនឹងមានវ័យ២៧ឆ្នាំ បានសម្រាលកូនប្រុសទី២រួច​ ក៏ចាប់ផ្តើមមានសភាពសុខភាពចុះខ្សោយយ៉ាងខ្លាំង និងត្រូវបានក្រុមគ្រួសារសម្រេចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯប្រទេសវៀតណាម ភ្លាមៗដែរ តែអកុសល ដោយសារតែទ្រាំទ្រនឹងស្ថានភាពសុខភាពមិនបាន ទីបំផុត ស្ត្រីរងគ្រោះក៏បានចាកចោលបុរសជាប្តី ព្រមទាំងកូនៗជាទីស្រលាញ់ ពិសេសកូនប្រុសពៅ ដែលទើបនឹងសម្រាល និងមិនទាន់បានឃើញមុខផង ដោយគ្មានថ្ងៃវិលត្រឡប់វិញឡើយ។

បន្ទាប់ពីមានការបង្ហោះរឿងរ៉ាវខាងលើ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកជាច្រើន បានធ្វើការចែករំលែកតៗគ្នា និងបានសម្តែងនូវអារម្មណ៍តក់ស្លុត ព្រមទាំងបានចូលរួមរំលែកទុក្ខ និងបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់ស្ត្រីរងគ្រោះបានទៅដល់សុគតិភព យោនកំណើតជាតិណាៗសូមឱ្យមានអាយុវែង កុំឱ្យអភ័ព្វដូចជាតិនេះទៀត៕

RELATED ARTICLES