Saturday, November 15, 2025
Homeព័ត៌មានជាតិប្រពន្ធក៏ធ្លាប់តាមទាន់២ទៅ៣ដងដែរ តែចុងក្រោយគាត់នៅធ្វើដល់សម្រេច

ប្រពន្ធក៏ធ្លាប់តាមទាន់២ទៅ៣ដងដែរ តែចុងក្រោយគាត់នៅធ្វើដល់សម្រេច

ខេត្តរតនគិរី ៖ បុរសម្នាក់ព្រោះតែតូចចិត្តនឹងរឿងសាច់ញាតិរបស់ខ្លួនមិនរាប់រក ក៏ប៉ុនប៉ងចងកសម្លាប់ខ្លួន២ដង រួចមកហើយ តែត្រូវប្រពន្ធប្រទះឃើញ ជួយឃាត់ទាន់ពេល លុះចុងក្រោយ ខណៈដែលប្រពន្ធរវល់តែដាំបាយ ស្រាប់តែបុរសជាប្តីបានលួចចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង០៥នាទីព្រលប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភ្នំបេង ស្ថិតក្នុងភូមិ២ (វីឡាកាត់) សង្កាត់កាចាញ ក្រុងបានលុង។

បុរសរងគ្រោះដែលចងកសម្លាប់ខ្លួន មានឈ្មោះសាប សាផុន អាយុ២៨ឆ្នាំ ជាជនជាតិគ្រឹង មុខរបរធ្វើចម្ការ មានប្រពន្ធឈ្មោះម៉ូ សាក មានកូនប្រុសស្រីក្នុងបន្ទុកចំនួន២នាក់។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅពេលល្ងាចគាត់បានដាក់ដាំបាយ ហើយក៏ចេញទៅបត់ជើងនៅក្នុងព្រៃខាងក្រោយ ដោយឱ្យប្តីនៅមើលបាយ និងមើលកូន ស្រាប់តែមួយសន្ទុះ ក្រោយមកក៏ឮសូរសំឡេងកូនរបស់គាត់ ស្រែកហៅប្រាប់គាត់ថា ប្តីគាត់បានចងកសម្លាប់ខ្លួន។ ឮបែបនេះ គាត់ក៏បា់នរត់ទៅមើល ស្រាប់តែប្រទះឃើញប្តីរបស់គាត់ បានយកខ្សែនីឡុង ប្រវែង២ម៉ែត្រ ចងកជាប់នឹងធ្នឹមខ្ទមចាំចម្ការ ហើយឃើញដូច្នេះ គាត់បានយកកាំបិតកាត់ផ្តាច់ខ្សែទម្លាក់ប្តីចុះមកក្រោម តែអកុសល ពេលនោះប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់ទៀតថា កន្លងមក ប្តីរបស់គាត់ធ្លាប់បានប៉ុនប៉ងចងកសម្លាប់ខ្លួន២ទៅ៣ដងរួចមកហើយដែរ ប៉ុន្តែត្រូវបានគាត់និងបងប្អូនឃើញទាន់ ក៏ជួយសង្គ្រោះទាន់ពេលវេលា។ ចំណែកមូលហេតុនៃការចងកនោះ  គឺប្តីរបស់គាត់ធ្លាប់ប្រាប់គាត់ថា ដោយតូចចិត្តនឹងបងប្អូនសាច់ញាតិមិនដែលស្រលាញ់ និងរាប់អានគាត់នោះទេ ហើយគាត់ត្រូវតែបញ្ចប់ជីវិតតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកោសល្យវិច័យ និងសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES