ខេត្តកណ្តាល ៖ សាកសពបុរសម្នាក់ មានសភាពហើមស្អុយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅក្នុងទឹកបឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងទឹកបឹងសំពៅមាស ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ។
សាកសពជនរងគ្រោះដែលអណ្តែតក្នុងទឹកបឹងខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមនុស្សប្រុស និងមានវ័យប្រមាណ៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋរស់នៅក្បែរម្តុំគល់ស្ពានព្រែកក្តាម បានមករាយការណ៍ជូនសមត្ថកិច្ចថា បានប្រទះឃើញសាកសពស្លាប់អណ្តែតក្នុងទឹកបឹងកន្លែងកើតហេតុខាងលើ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង និងកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុខេត្តកណ្តាល ដោយសមាសភាពចូលរួមពីលោកមេភូមិ លោកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំកំពង់លួង បានដំណើរការពិនិត្យសាកសព រួចបញ្ជាក់ថា សាកសពមានសភាពហើមស្អុយ អណ្តែតទឹកផ្កាប់មុខចុះក្រោម បែរក្បាលទៅទិសខាងកើត ដៃទាំង២ផ្កាប់ចុះក្រោម ជើងទាំងពីរអង្កុញជង្គង់ ស្លៀកខោខៅប៊យជើងវែងពណ៌ខៀវ ពាក់អាវដៃវែងពងជីចក់ពណ៌ស មានពាក់ស្បែកជើងប៉ាត់តា ពណ៌ខ្មៅ បាតពណ៌ស មានមួក អណ្តែកទឹកក្បែរសាកសព មានពាក់នាឡិកាជ័រពណ៌ខ្មៅ នៅក្នុងហោប៉ៅខោខាងក្រោយ មានទូរស័ព្ទចំនួន១គ្រឿង ម៉ាកណូគាចុចពិល ពណ៌លឿង មានស៊ីម គ្មានថ្ម នៅហោប៉ៅខោមុខខាងឆ្វេង មានកញ្ចប់បារីហ្វីន និងដែកកេះចំនួន១ ចំណែកហោប៉ៅខោខាងស្តាំ មានប្រាក់រៀលមួយចំនួន មានខ្សែលីឡុងចងចង្កេះ ខោជំនួសខ្សែក្រវ៉ាត់។

ក្រោយពីធ្វើការពិនិត្យសាកសពរួចមក សមត្ថកិច្ចជំនាញ បានសន្ឋិដ្ឋានថា សាកសពជនរងគ្រោះស្លាប់ដោយសារលង់ទឹក ព្រោះនៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកក់សម្គាល់ឡើយ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យអាជ្ញាធរមូលដ្ឋានរៀបចំបូជា និងកំពុងស្រាវជ្រាវរកសាច់ញាតិ មកទទួលយកធាតុយកទៅធ្វើបុណ្យតាមប្រពៃណី។/