Saturday, November 15, 2025
Homeព័ត៌មានជាតិលោកឌួង ណាគ្រី ជូនសំណងជនរងគ្រោះចំនួន៥០០០ដុល្លារ ហើយសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា

លោកឌួង ណាគ្រី ជូនសំណងជនរងគ្រោះចំនួន៥០០០ដុល្លារ ហើយសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា

ភ្នំពេញ ៖ បន្ទាប់ពីលោកឌួង ណាគ្រី បាញ់លើឡានបុរសម្នាក់ដែលជាប្រធានសន្តិសុខក្រុមហ៊ុន CPS ដែលរួមដំណើរជាមួយប្រពន្ធនោះ ភាគីទាំង២បានសម្របសម្រួលគ្នា ដោយភាគីជនបង្ក ព្រមសងសំណងចំនួន៥០០០ដុល្លារ។ ចំណែកជនបង្កត្រូវបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានត្រួតបទបញ្ជា ដើម្បីទទួលពិន័យទៅតាមទោសកំហុស។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លោកឌួង ណាគ្រី ត្រូវបានថ្នាក់លើបញ្ជូនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ ហើយភាគីជនបង្ក ឯកភាពព្រមជូនសំណាងដល់ភាគីរងគ្រោះចំនួន៥០០០ដុល្លារ ដើម្បីបញ្ចប់រឿងផងដែរ។

ដោយឡែកកាលពីម្សិលមិញនេះ លោកភូរិស្ស ស្តូរ៉ាន់ ហៅតូ ដែលជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងលោកជនបង្ក ទាមទារសំណងចំនួន៣៥០០០ដុល្លារ ហើយក៏ព្រមប្រគល់រថយន្តដែលរងការខូចខាត ឲ្យភាគីជនបង្កផងដែរ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បុរសជើងខ្លាំងម្នាក់ចេញពីហាងផឹកស៊ីទាំងស្រវឹងជោគជាំ បានបើករថយន្តតាមផ្លូវ ក៏កើតមានជម្លោះជាមួយនឹងម្ចាស់រថយន្ត១គ្រឿងទៀត ជិះគ្នា២នាក់ប្តីប្រពន្ធ រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅរថយន្តជនរងគ្រោះចំនួន៥គ្រាប់ ទាំងនៅជាប់នឹងរបងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធភាគីរថយន្តរងគ្រាះតក់ស្លុត រហូតដល់សន្លប់បាត់ស្មារតី។  ហេតុការណ៍នេះកើតឡើង នៅតាមបណ្តោយផ្លូវលេខ៣៦៣ ស្ថិតនៅជាប់របងអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ភាគីម្ចាស់រថយន្តរងគ្រោះ មានឈ្មោះភូរិស្ស ស្តូរ៉ាន់ ហៅតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរឬបធានក្រុមហ៊ុនសន្តិសុខ CPS មានប្រពន្ធឈ្មោះតាំង សុខឡី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកណាហ្គាវើល។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង មានឈ្មោះឌួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មានតួនាទីជាអនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ មានលំនៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន៕

RELATED ARTICLES