ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការឃាត់ខ្លួន ក្រោយពីបានរកឃើញថា ស្ត្រីរូបនេះបានដើរលក់ប្រេងម៉ាស៊ីន ដែលលាយជាមួយប្រេងឆា នៅចំណុចសង្កាត់វាលវង់ ក្រុងកំពង់កំពង់ចាម។ ប្រតិបត្តិការចាប់ខ្លួនស្ត្រីខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ មានឈ្មោះស្រី ដា ភេទស្រី អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិតេជះ សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីខាងលើ ធ្វើឡើងខណៈពេលដែលស្ត្រីជាជនសង្ស័យបានដឹកយកប្រេង ម៉ាស៊ីនដែលលាយជាមួយប្រេងឆា យកទៅលក់នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង យីហោ ហេង មួយ មានទីតាំងស្ថិតក្នុងភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ប្រេងម៉ាស៊ីនលាយប្រេងឆា ចំនួន១១កាន ស្មើនឹង៣៣០លីត្រ ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការទៅតាមនីតិវិធី៕