Saturday, November 15, 2025
Homeព័ត៌មានជាតិមិនរួចខ្លួនទេ!!! សមត្ថកិច្ចនឹងនាំខ្លួនលោកឌួង ណាគ្រី ទៅកាន់តុលាការ

មិនរួចខ្លួនទេ!!! សមត្ថកិច្ចនឹងនាំខ្លួនលោកឌួង ណាគ្រី ទៅកាន់តុលាការ

ភ្នំពេញ ៖ នៅរសៀលថ្ងៃនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួនប៉ូលិសជើងខ្លាំង ដែលបានបាញ់៥គ្រាប់ ទៅលើរថយន្តជនរងគ្រោះ ទៅកាន់តុលាការហើយ។

ឯកឧត្តមនេត សាវឿន ប្រាប់អ្នកសារព័ត៌មានថា “នៅពេលនេះខ្ញុំ បានបញ្ជាឲ្យនាំខ្លួន បុគ្គលឌួង ណាគ្រី ទៅកាន់ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយនៅបន្ដិចទៀតនេះ”។

ការបញ្ជាឲ្យនាំខ្លួននេះ បន្ទាប់ពីមានព័ត៌មានថា បុគ្គលឌួង ណាគ្រី ត្រូវបញ្ជូនទៅកាន់នាយកដ្ឋានត្រួតបទបញ្ជា។

ដោយឡែក លោកពជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា “នៅកម្ពុជា គួរដល់ពេលអនុវត្តច្បាប់ស្តង់ដាតែមួយហើយ គឺមិនអាចធ្វើឲ្យច្បាប់ថយអំណាចនោះទេ ហើយរឿងបាញ់បោះសេរីកន្លងមក​ គឺទាំងឧកញ៉ា ​និងទាំងក្មួយអ្នកធំ គឺត្រូវបានអនុវត្តច្បាប់នៅក្នុងពន្ធនាគារ ក៏ប៉ុន្តែហេតុអ្វីបុគ្គលម្នាក់នេះដែលប្រើអាវុធ រហូតដល់ប៉ងសម្លាប់ពលរដ្ឋ បែរជាមិនជាប់គុកទៅវិញ។ បើសិនជាអ្នកអនុវត្តច្បាប់ធូររលុងរបៀបនេះ​ គឺ​ស្មើនឹងបើកដៃឲ្យពួកជនឧក្រិដ្ឋធ្វើនូវអ្វីៗតាមទំនើងចិត្ត​ ហើយពលរដ្ឋរស់ក្នុងភាពភ័យខ្លាច​ សង្គមនឹងក្លាយទៅជាអសន្តិសុខ ហើយអំពើអយុត្តិធម៌នឹងកើតពាសពេញផ្ទៃប្រទេស គឺមិនខានឡើយ ជាពិសេស​ គឺការគំរាមកំហែងដល់ពលរដ្ឋខ្មែរទន់ខ្សោយពីសំណាក់អ្នកមានអំណាច នឹងបន្តកើតមានមិនឈប់ឈរ ដោយសារតែច្បាប់គ្មាននូវ ឥទ្ធិពលលើជនពាល និងអ្នកមាននូវអំណាច”។

លោកពេជ្រ ស្រស់ ក៏បានបន្ថែមទៀតថា “នៅក្នុងករណីខាងលើនេះ ខ្ញុំនឹងសួរទៅក្រសួងយុត្តិធម៌ គឺដើម្បីតាមដានការអនុវត្តច្បាប់របស់តុលាការ ដែលមិនអនុវត្តច្បាប់ស្មើភាពលើបុគ្គលបាញ់បោះលើពលរដ្ឋខ្មែរ នឹងប៉ុនប៉ងសម្លាប់ដោយចេតនា​ បែរជាមិនជាប់គុកទៅវិញ”។

លោកឌួង ណាគ្រី ដែលបានបាញ់លើឡានបុរសម្នាក់ដែលជាប្រធានសន្តិសុខក្រុមហ៊ុន CPS រួមដំណើរជាមួយប្រពន្ធនោះ ភាគីទាំង២បានសម្របសម្រួលគ្នា ដោយភាគីជនបង្ក ព្រមសងសំណងចំនួន៥០០០ដុល្លារ។ ចំណែកជនបង្កត្រូវបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានត្រួតបទបញ្ជា ដើម្បីទទួលពិន័យទៅតាមទោសកំហុស។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លោកឌួង ណាគ្រី ត្រូវបានថ្នាក់លើបញ្ជូនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ ហើយភាគីជនបង្ក ឯកភាពព្រមជូនសំណាងដល់ភាគីរងគ្រោះ ចំនួន៥០០០ដុល្លារ ដើម្បីបញ្ចប់រឿងផងដែរ។

កាលពីម្សិលមិញនេះផងដែរ លោកភូរិស្ស ស្តូរ៉ាន់ ហៅតូ ដែលជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងលោកជនបង្ក ទាមទារសំណងចំនួន៣៥០០០ដុល្លារ ហើយក៏ព្រមប្រគល់រថយន្តដែលរងការខូចខាត ឲ្យភាគីជនបង្កផងដែរ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បុរសជើងខ្លាំងម្នាក់ចេញពីហាងផឹកស៊ីទាំងស្រវឹងជោគជាំ បានបើករថយន្តតាមផ្លូវ ក៏កើតមានជម្លោះជាមួយនឹងម្ចាស់រថយន្ត១គ្រឿងទៀត ជិះគ្នា២នាក់ប្តីប្រពន្ធ រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅរថយន្តជនរងគ្រោះចំនួន៥គ្រាប់ ទាំងនៅជាប់នឹងរបងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធភាគីរថយន្តរងគ្រាះតក់ស្លុត រហូតដល់សន្លប់បាត់ស្មារតី។  ហេតុការណ៍នេះកើតឡើង នៅតាមបណ្តោយផ្លូវលេខ៣៦៣ ស្ថិតនៅជាប់របងអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ៕

RELATED ARTICLES