ភ្នំពេញ៖ ក្រោយពីធ្វើការសាកសួរទៅលើខ្មាន់កាំភ្លើង ឈ្មោះឌួង ណាគ្រី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោករៀល សុភិន បានសម្រេចចោទប្រកាន់ចំនួន២ករណី ទី១. ប៉ុនប៉ងមនុស្សឃាត និងទី២. ប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត។

នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នេះ លោកឌួង ណាគ្រី ត្រូវបានបញ្ជូនដល់ចៅក្រមស៊ើបសួរបន្ត ដើម្បីចាត់ការបន្តទៀត។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងឌួង ណាគ្រី ដែលបានបាញ់ទៅលើរថយន្តជិះ២នាក់ប្តីប្រពន្ធ រហូតដល់៥គ្រាប់នោះ សមត្ថកិច្ចបានបញ្ជូនមកដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ង៤និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩។

ការបញ្ជូនខ្មាន់កាំភ្លើងរូបនេះមកកាន់តុលាការ បន្ទាប់ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់។

ឯកឧត្តមនេត សាវឿន ប្រាប់អ្នកសារព័ត៌មានកាលពីពេលមុននេះថា “នៅពេលនេះខ្ញុំ បានបញ្ជាឲ្យនាំខ្លួន បុគ្គលឌួង ណាគ្រី ទៅកាន់ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយនៅបន្ដិចទៀតនេះ”។

គួររំលឹកថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បុរសជើងខ្លាំងម្នាក់ឈ្មោះឌួង ណាគ្រី មានមុខរបរអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ចេញពីហាងផឹកស៊ីទាំងស្រវឹងជោគជាំ បានបើករថយន្ត១គ្រឿង ម៉ាក ឡិចសុីស RX350 តាមផ្លូវ ក៏កើតមានជម្លោះជាមួយនឹងម្ចាស់រថយន្ត១គ្រឿងទៀត ម៉ាកRange Rover ជិះគ្នា២នាក់ប្តីប្រពន្ធ រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅរថយន្តជនរងគ្រោះចំនួន៥គ្រាប់ ទាំងនៅជាប់នឹងរបងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធភាគីរថយន្តរងគ្រាះតក់ស្លុត រហូតដល់សន្លប់បាត់ស្មារតី៕

