Saturday, November 15, 2025
Homeព័ត៌មានជាតិធ្វើសុីទាំងព្រឹក... លុយរបស់ខ្លួនផង កងដៃ កងជើងកូនផ្ញើទុកផង អស់រលីង

ធ្វើសុីទាំងព្រឹក… លុយរបស់ខ្លួនផង កងដៃ កងជើងកូនផ្ញើទុកផង អស់រលីង

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ប្តីប្រពន្ធ២នាក់ ជិះម៉ូតូដឹកគ្នាទៅផ្សាររកទិញបន្លែម្ហូប យកមកលក់ ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ១ក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ឡោមព័ទ្ធធ្វើសកម្មភាព ឆក់ដណ្តើមយកកាបូបក្រវ៉ាត់ចង្កេះពី ស្ត្រីជាប្រពន្ធដែលមានលុយក្នុងនោះប្រមាណ១ពាន់ដុល្លា យកទៅបាត់ដោយសុវត្ថិភាព កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់កាបូបលុយ មានឈ្មោះញឹម សំអាត ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះពេជ្រ សុវណ្ណ អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិកោះកុក ឃុំកោះទទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជារៀងរាល់ព្រឹក ពួកគាត់តែងក្រោកពីព្រលឹម ដឹកគ្នាទៅផ្សាររកទិញបន្លែម្ហូបនៅផ្សារជម្ពូវ័ន ដើម្បីយកទៅលក់បន្តនៅផ្ទះជួល។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ វេលាម៉ោង៥ទៀបភ្លឺ ពួកគាត់២នាក់ប្តីប្រពន្ធ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-0240 ធ្វើដំណើរចេញពីផ្ទះជួល បំណងទៅផ្សាររកទិញបន្លែដូចសព្វដង ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចជិតផ្សារជម្ពូវ័ន ទៅហើយ ក៏លេចមុខជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង (១គ្រឿងម៉ាកនិច និង១គ្រឿងទៀត មិនស្គាល់ម៉ាក) តាមមកពីក្រោយ ហើយភ្លាមនោះ ម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានជិះមកពាំងពីមុខម៉ូតូរបស់គាត់ ទុកឱ្យម៉ូតូនិច អែបជាប់ពីខាងឆ្វេង ភ្លាមនោះជនសង្ស័យម្នាក់ដែលជិះម៉ូតូពាំងឃាត់ពីមុខម៉ូតូរបស់គាត់ បានលូកដៃមកកាច់សោម៉ូតូរបស់គាត់ពន្លត់ ចំណែកជនសង្ស័យដែលអែបក្បែរប្រពន្ធគាត់បានព្យាយាម ឆក់ដណ្តើមយកកាបូបពីចង្កេះរបស់ប្រពន្ធគាត់រហូតដល់បានសម្រេច បន្ទាប់មកក្រុមជនសង្ស័យ ក៏នាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់អស់។ ចំណែកពួក គាត់ ទោះជាដេញតាមក៏មិនទាន់ដែរ ទើបមានតែសម្រេចចិត្តរត់ចូលប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឱ្យជួយអន្តរាគមន៍ស្រាវជ្រាវ និងកំណត់មុខ សញ្ញាខាងលើ តាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់។

ជនរងគ្រោះ បន្តថា នៅកាបូបដែលចោរប្លន់យកទៅនោះ មានដូចជា លុយជាង៨០០ដុល្លារ ប្រាក់រៀលជាង៧០ម៉ឺនរៀល គ្រឿងអលង្ការ ខ្សែក ខ្សែដៃរបស់កូនផ្ញើទុក សរុបអស់ជាង១០០០ដុល្លារ៕

RELATED ARTICLES