ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសឃ្វាលគោចំនួន២នាក់ ឃើញផ្ទៃមេឃចាប់ផ្តើមងងឹត ធ្លាក់ភ្លៀងរលឹមស្រិចៗ ក៏ប្រញាប់ទៅដឹកគោពីវាលស្រែសំដៅមកផ្ទះវិញ ស្រាប់តែអកុសល ក៏ត្រូវរន្ទះបាញ់ប្រហារ បណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍បាតុភូតគ្រោះធម្មជាតិខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង២៤នាទីល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ចម្ងាយពី២៥០ម៉ែត្រ ភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
ក្មេងប្រុសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះម៉ក់ ធៀង អាយុ១៤ឆ្នាំ។ ចំណែកក្មេងប្រុសរងគ្រោះដែលទទួលរងរបួសធ្ងន់ មានឈ្មោះឃ្លាំង ពាវ អាយុ១៥ឆ្នាំ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។ ក្មេងប្រុសរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ជាមួយគ្នា។

លោកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ប្រាប់ថា នៅមុនកើតហេតុក្មេងប្រុសទាំង២នាក់ បានចេញទៅឃ្វាលគោឯវាលស្រែ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយសារតែប្រទះឃើញផ្ទៃមេឃចាប់ផ្តើមខ្មៅ ធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយខ្យល់ និងផ្គររន្ទះផង ទើបក្មេងៗរងគ្រោះទាំង២នាក់ ក៏ប្រញាប់នាំគ្នាដេញគោត្រឡប់មកផ្ទះវិញ តែជាអកុសល ពេលមកដល់ជិតភូមិ ចម្ងាយប្រមាណ២៥០ម៉ែត្រ ក៏ស្រាប់តែត្រូវរន្ទះបាញ់បណ្តាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕