ខេត្តស្ទឹងត្រែង ៖ ស្ថានីយ៍ប្រេងឥន្ធនៈ និងបញ្ចូលហ្គាសមួយកន្លែង ដែលមានយីហោ ប៉ាវចិន្តា២ បានទទួលរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្កឱ្យមានការផ្ទុះធុងហ្គាសកក្រើក ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យស្លន់ស្លោយ៉ាងខ្លាំង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចជិតផ្សារចែហួង គីឡូម៉ែត្រលេខ២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ស្ថានីយប្រេងឥន្ធនៈដែលទទួលរងការឆាបឆេះគ្មានសល់ខាងលើនេះ មានយីហោ ប៉ាវចិន្តា២ ដែលជាស្ថានីយលក់ប្រេងឥន្ធនៈ និងបញ្ចូលហ្គាសដ៏ធំមួយនៅក្នុងក្រុងស្ទឹងត្រែង។

តាមប្រភពពីបុរសម្នាក់ដែលជាអ្នកប្រទះឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តចូលទៅចាក់សាំង នៅចំណុចស្ថានីយប្រេងខាងលើ លុះទៅដល់ ក៏ឃើញនៅទីតាំងស្ថានីយប្រេងនេះ មានជាងផ្សារដែក១ក្រុម កំពុងផ្សារដំបូលទាំងមេឃកំពុងក្តៅយ៉ាងខ្លាំង លុះបន្តិចក្រោយម កំទេចផ្កាភ្លើងផ្សារដែក ក៏បានធ្លាក់ចុះ មកធ្វើឱ្យកើតមានការឆាបឆេះចេញជាអណ្តាតភ្លើងឡើងតែម្តង។ ភ្លាមៗនោះ ទាំងក្រុមជាងផ្សារដែក និងបុគ្គលិកស្ថានីយប្រេង បាននាំគ្នាជួយពន្លត់ភ្លើងភ្លាមៗដែរ តែមិនឈ្នះ ដោយសារតែទីតាំងនេះ សុទ្ធតែមានជាតិចំហេះ ងាយបង្កការឆាបឆេះយ៉ាងខ្លាំង និងថែមទាំងបានផ្ទុះធុងហ្គាស បណ្តាលមនុស្សរងរបួសទៀតផង។ ទីបំផុត ទំហំឆាបឆេះកាន់តែខ្លាំងឡើងរហូត ទោះជាមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច ក៏មិនអាចស្រោចស្រង់បានដែរ។ ចំណែកគាត់នៅពេលឃើញភ្លើងឆេះខ្លាំងបែបនេះ ក៏ប្រញាប់ថយរថយន្តចេញទៅរកកន្លែងមានសុវត្ថិភាព។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយ ពួកឮសូសំឡេងផ្ទុះខ្លាំងៗចំនួន២ដង ហើយបានឃើញផ្សែងភ្លើងចេញពីស្ថានីយប្រេងនោះតែម្តង ហើយក្នុងនោះ ឃើញមានកម្មករធ្វើការក្នុងស្ថានីយប្រេងខាងលើចំនួន២នាក់ បានរត់ចេញពីកន្លែងកើតហេតុ ទាំងស្ថានភាពរបួសរលាកពេញខ្លួន និងត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ បន្ទាប់ពីឆេះធុងហ្គាសមួយដ៏ធំកក្រើកដល់ផ្ទះអ្នកជិតខាង ក៏បានធ្វើឱ្យការឆាបឆេះកាន់តែខ្លាំង និងមានដែកអំបែងហោះហើរពេញមេឃ ធ្លាក់ធ្វើឱ្យមានប្រជាពលរដ្ឋមួយចំនួនរងរបួសផងដែរ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើ គេឃើញកម្លាំងសមត្ថកិច្ចបានចេញមកអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ និងបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយបាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោងប្រមាណ៩និង៣៥នាទីយប់ថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ប៉ុន្តែយ៉ាងណា ស្ថានីយប្រេងទាំងមូលបានក្លាយជាចំណីភ្លើងអស់គ្មានសល់។

ជុំវិញរបាយការណ៍អំពីទំហំនៃការខូចខាត សមត្ថកិច្ចបានបញ្ជាក់ថា នៅមិនទាន់អាចបូកសរុបបាននៅឡើយ ហើយពេលនេះកម្លាំងសមត្ថកិច្ចកំពុងបំពេញការងារទៅតាមជំនាញរៀងៗខ្លួន។

គួរបញ្ជាក់ថា នៅអំឡុងពេលកើតហេតុ គេឃើញលោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានចុះបញ្ជាផ្ទាល់នៅកន្លែងហេតុតែម្តង ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងបញ្ជាកម្លាំងសមត្ថកិច្ច ឱ្យជួយទប់ស្កាត់កុំឱ្យភ្លើងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងផ្សេងទៀត៕



