Saturday, November 15, 2025
Homeព័ត៌មានជាតិឆេះផ្សារអូរអំបិល អស់៥០ម៉ឺនដុល្លារ សមត្ថកិច្ចបន្តស្រាវជ្រាឆវរកមូលហេតុពិតប្រាកដ

ឆេះផ្សារអូរអំបិល អស់៥០ម៉ឺនដុល្លារ សមត្ថកិច្ចបន្តស្រាវជ្រាឆវរកមូលហេតុពិតប្រាកដ

ខេត្តបន្ទាយមានជ័យ ៖ តូបលក់ដូររបស់អាជីវករក្នុងផ្សារអូរអំបិល ចំនួន៦៧តូប ត្រូវបានទទួលរងការខូចខាតខ្ទេចគ្មានសល់  ដែលគិតជាទំហំទឹកប្រាក់ប្រមាណ៥០ម៉ឺនដុល្លារឯណោះ បន្ទាប់ពីកើតមានគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្សារអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

តាមប្រភពពីសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានសង្កាត់អូរអំបិល បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅសុខៗ ក៏មានគេប្រទះឃើញមានផ្សែងហុយចេញពីផ្សារអូរអំបិល រួចក៏ចាប់ផ្តើមកើតចេញជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងឆាប់រហ័ស ដោយមិនដឹងថា ផ្តើមចេញពីមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ។ ភ្លាមៗនោះ ក៏មានការស្រែកឆោឡោឡើង ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងបន្តទៅខាងជំនាញពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ទាំងកណ្តាលយប់តែម្តង។

លោកប៊ុន ផេង ស្នងការរងទទួលការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យឆេះតូបអាជីវករលក់ដូរនៅផ្សារអូរអំបិលនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង និងមានរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿងផ្សេងទៀត ត្រូវបានបញ្ជូនមកពីតាមបណ្តាស្រុក-ក្រុង ដូចជាស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកថ្មពួក និងក្រុងសិរីសោភ័ណ សរុបចំនួន៨គ្រឿង មកជួយបាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំ។

លោកស្នងការរងបន្តថា ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ កម្លាំងជំនាញបានប្រើប្រាស់ទឹកអស់ចំនួន៣៣រថយន្ត និងប្រើពេលវេលាជិត៣ម៉ោង ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនរាលដាលទៅផ្ទះរបស់ប្រជាពលរដ្ឋជុំវិញផ្សារ និងតូបផ្សេងៗទៀត បើទោះបីជាផ្លូវរថយន្តចូលជួយអន្តរាគមន៍មានលក្ខណៈតូចចង្អៀតក៏ដោយ។

លោកស្នងការរងបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះផ្សារអូរអំបិលខាងលើនេះ បានបំផ្លាញតូបអស់ប្រមាណ៦៧តូប គិតជាទំហំទឹកប្រាក់ប្រ់មាណជា៥០ម៉ឺនដុល្លារ។

តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច មូលហេតុអាចបណ្តាលមកពីទុស្សេកាប៊ីនភ្លើង តែយ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីឱ្យដឹងពីមូលហេតុពិតប្រាដកថា ការឆេះនេះបណ្តាលមកពីមូលហេតុអ្វី?៕

RELATED ARTICLES