ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ ត្រូវរថយន្តដឹកត្រី១គ្រឿង បើកលឿនដូចហោះ បុកពេញទំហឹង ពេលកំពុងជិះម៉ូតូម្នាក់ឯងកណ្តាលអាធ្រាត្រ បណ្តាលឱ្យជនរងគ្រោះប៉ើងខ្ទាតប្រមាណជាង២០ម៉ែត្រ បោកទៅនឹងថ្នល់ស្លាប់ភ្លាមៗមួយរំពេច។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះមានឈ្មោះសុខ សៅ អាយុ២៦ឆ្នាំ មុខរបរមន្ត្រីយោធា មានឋានន្តរស័ក្តិវរសេនីយ៍ត្រី (សិក្ត័៤) បម្រើការនៅអង្កភាពកងពលតូចលេខ៧០ និងមានស្រុកកំណើតនៅភូមិពពក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ ជនរងគ្រោះជិះម៉ូតូ១គ្រឿង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពត 2B-0698 ដឹកត្រីខាងលើ បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HA-7232 ជិះដោយជនរងគ្រោះខាងលើ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា (ពីកើតទៅលិច) និងបានរេចង្កូតមកខាងឆ្វេងដៃ (ចូលចំណែកផ្លូវរថយន្ត) យ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះប៉ើងជាង២០ម៉ែត្រ បោកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម។ ពេលនោះ ម្ចាស់រថយន្តបង្កឃើញសភាពមិនស្រួល បានរត់គេចខ្លួនបាត់ភ្លាមៗ នៅតែបុរសជាអ្នករួមដំណើរម្មក្នា់ ក៏ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង រួចអូសយក រថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ។

ដោយឡែក សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រគល់ទៅឱ្យរថយន្តសង្គ្រោះបន្ទាន់៧១១ ដឹកយកទៅតម្កល់ទុកនៅក្នុងអង្គភាព រង់ចាំប្រគល់ជូនសាច់ញាតិដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


