ភ្នំពេញ ៖ បុរស២នាក់បងប្អូន បានអង្គុយផឹកស៊ីជុំគ្នា លុះក្រោយមកក៏កើតមានជម្លោះជាមួយនឹងមនុស្ស១ក្រុមទៀត ដែលកំពុងផឹកស៊ីក្បែរនោះ រហូតផ្អើលដល់សមត្ថកិច្ចចុះសម្របសម្រួល ប្រាប់ឱ្យចូលដេករៀងខ្លួន ស្រាប់តែភាគី២នាក់បងប្អូនមិនព្រមហើយ ថែមទាំងរករឿងសមត្ថកិច្ចទៀត ទីបំផុត ក៏ត្រូវសមត្ថកិច្ចធ្ចេក្វីរាឃាត់ពិនិត្យទឹកនោម រកឃើញថា អ្នកទាំង២ មានសារធាតុញៀន ក៏ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់តែម្តង។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់បងប្អូន ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអ៊ុច ចាន់ថុល អាយុ៣០ឆ្នាំ មុខរបរបើកបរ និងទី២-ឈ្មោះអ៊ុច ចាន់ធី អាយុ៣៥ឆ្នាំ មុខរបរបើកបរ។ ជនសង្ស័យទាំង២នាក់ ជាបងប្អូនបង្កើតនឹងគ្នា និងស្នាក់បន្ទប់ជួលក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុនៅចំណុចខាងលើ មានមនុស្ស២ក្រុម ផឹកស៊ីផ្សេងគ្នា ដោយម្ខាង (ភាគីជនសង្ស័យ) មានគ្នា៣នាក់ ផឹកស៊ីជាលក្ខណៈគ្រួសារ ចំណែកម្ខាងទៀតមានគ្នាជិត១០នាក់។ រហូតដល់ម៉ោងខាងលើ ស្រាប់តែឃើញភាគីខាងជិត១០នាក់នោះ បានយកកំប៉ុងប៊ីយ៉ែរគប់សំដៅទៅភាគីខាង៣នាក់ ក៏មានទំនាស់ជាសម្តីតែម្តង ហើយសមត្ថកិច្ចមូលដ្ឋានបានចុះទៅសម្របសម្រួល ឱ្យចូលដេករៀងៗខ្លួន។

ប្រភពដដែលបន្តថា ពេលសមត្ថកិច្ចមូលដ្ឋានចុះទៅសម្របសម្រួលឱ្យចូលដេក ភាគីម្ខាងទៀតព្រមស្តាប់សមត្ថកិច្ច ក៏នាំគ្នាចូលសម្ងំដេកអស់ទៅ នៅសល់តែជនសង្ស័យទាំង២នាក់ខាងលើ ទំនងជាស្រវឹងជោកជាំ ស្រាប់តែក្លាសម្តី មិនព្រមស្តាប់សមត្ថកិច្ចហើយ ថែមទាំងនាំគ្នារករឿងសមត្ថកិច្ចទៅវិញ ចុងក្រោយ សមត្ថកិច្ចនាំខ្លួនបុរស២នាក់ខាងលើ មកសាកសួរ និងធ្វើតេស្តទឹកនោមឃើញថា អ្នកទាំង២ មានសារធាតុញៀនក្នុងទឹកនោម ក៏ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន បុរសទាំង២នាក់បងប្អូនត្រូវសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕