Saturday, November 15, 2025
Homeព័ត៌មានជាតិប្តីសារភាពថា ពិតជាបានសម្លាប់ច្របាច់កប្រពន្ធ ព្រោះតែប្រចណ្ឌខ្លាំងពេក

ប្តីសារភាពថា ពិតជាបានសម្លាប់ច្របាច់កប្រពន្ធ ព្រោះតែប្រចណ្ឌខ្លាំងពេក

ខេត្តកណ្តាល ៖ ប្តីប្រពន្ធ១គូ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ តែងកើតមានរឿងរ៉ាវរកាំរកូសមិនអស់មិនហើយ ដោយសារតែភាគីបុរសជាប្តី គឺជាមនុស្សមានចិត្តប្រចណ្ឌ ហួងហែងប្រពន្ធរបស់ខ្លួនខ្លាំងពេក ចេះតែកើតចិត្តសង្ស័យ និងចោទប្រកាន់ប្រពន្ធទាំងគ្មានភ័ស្តុតាងថា ប្រពន្ធបានលួចទាក់ទងជាមួយប្រុសឈ្មោលក្បត់ចិត្តខ្លួនជាប្តី ទីបំផុត ដោយសារតែភ្លើងប្រចណ្ឌឆេះឆួលខ្លាំងទប់មិនជាប់ ក៏បែកគំនិតឆ្លៀតពេលដែលប្រពន្ធកំពុងដេកលង់លក់ ស្កប់ស្កល់ ក៏ធ្វើសកម្មភាពចាប់ច្របាច់ក រហូតដល់ប្រពន្ធថប់ដង្ហើមស្លាប់យ៉ាងអាណោចអាធ័ម។

ករណីឃាតកម្មប្តីច្របាច់កសម្លាប់ប្រពន្ធយ៉ាងឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះបុរសឈ្មោះ ផូ កុសល ត្រូវជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម។

ជនសង្ស័យជាឃាតករដៃឆៅ ដែលចាប់ច្របាច់កប្រពន្ធរហូតដល់ស្លាប់ ព្រោះតែភ្លើងប្រចណ្ឌនេះ មានឈ្មោះហ៊ន ប៊ន អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រកាតុង មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះដែលត្រូវប្តីកំណាចចាប់ច្របាក់កសម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះសល្យ យ៉ាដា អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកស្ត្រីរងគ្រោះ ធ្លាប់មានប្តីម្តងរួចមកហើយ និងបានរួមរស់បង្កើតបានកូនម្នាក់ តែក្រោយមក ដោយសាររស់នៅមិនចុះសម្រុង ក៏បានបែកបាក់គ្នាវិញទៅ។ ក្រោយមក ស្ត្រីរងគ្រោះក៏បានទាក់ទងស្នេហាជាមួយនឹងជនសង្ស័យជាឃាតករខាងលើ រួចក៏ទទួលយកគ្នាជាប្តីប្រពន្ធរួមរស់នឹងគ្នារហូតមក ដោយបង្កើតបានកូនម្នាក់ទៀតជាចំណងនិស្ស័យ សរុបមក ស្ត្រីរងគ្រោះមានកូនប្រុសស្រីចំនួន២នាក់ ក្នុងបន្ទុក។

ប្រភពដដែលបន្តថា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក អ្នកទាំង២ រស់នៅមិនសូវចុះសម្រុងគ្នាប៉ុន្មានទេ តែងកើតរឿងឈ្លោះប្រកែកគ្នាជារឿយៗ មូលហេតុដោយសារតែបុរសជាប្តីជាមនុស្សហួងហែងប្រចណ្ឌប្រពន្ធខ្លាំងពេក ម្តងចោទថា ប្រពន្ធលួចទាក់ទងប្រុសនេះ ម្តងថា ប្រពន្ធក្បត់ចិត្តប្តីទៅស្រលាញ់ជាមួយប្រុសនោះ ចេះតែសង្ស័យ និងចោទប្រកាន់ប្រពន្ធមិនឈប់មិនឈរ ហើយទោះជាប្រពន្ធពន្យល់ប្រាប់យ៉ាងណា ក៏មិនព្រមស្តាប់ ជាហេតុធ្វើឱ្យអ្នកទាំង២ ឧស្សាហ៍ទាស់សម្តីគ្នាខ្លាំងណាស់។

ប្រភពខាងលើ បានបញ្ជាក់ថា លុះមកដល់យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះនិងប្តី (ជនសង្ស័យ) រួមទាំងកូនស្រីម្នាក់ទៀត អាយុ៤ឆ្នាំ បានចូលមុងដេកជាមួយគ្នាក្នុងបន្ទប់លើផ្ទះ ដូចសព្វដង។ រហូតមកដល់វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យជាប្តីបានក្រោកពីដំណេក បត់ជើងតូចដាក់កន្ថោរនៅក្នុងបន្ទប់។ លុះក្រោយពេលបត់ជើងតូចរួច ជនសង្ស័យជាប្តីក៏បានឡើងទៅលើគ្រែបម្រុងដេកវិញ តែដោយក្នុងចិត្តមានការខឹងសម្បាប្រចណ្ឌប្រពន្ធ ចោទប្រពន្ធថា មានប្រុសឈ្មោល ក្បត់ចិត្តប្តី ក៏បែកគំនិតស្ទុះទៅចាប់ច្របាច់កប្រពន្ធរហូតដល់ប្រពន្ធឈប់រើបំរះ (ដាច់ខ្យល់ស្លាប់) ទើបលែងដៃវិញ រួចហើយជនសង្ស័យជាប្តី ក៏បានចុះមកដី ទាញម៉ូតូជិះចេញពីផ្ទះបាត់។ រហូតដល់ម៉ោង៧និង២៤នាទីព្រឹក ថ្ងៃដដែល ទើបជនសង្ស័យបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ស្របពេលដែលក្រុមគ្រួសារប្រទះឃើញស្ត្រីជាប្រពន្ធដេកស្លាប់ ក៏ផ្អើលឆោឡោ រហូតឈានដល់ការប្តឹងសមត្ថកិច្ច ចុះជួយអន្តរាគមន៍ ពិនិត្យសព និងចាប់ខ្លួនជនដៃដល់ជាប្តីនាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធដោយផ្ទាល់ដៃមែន មូលហេតុដោយសារតែប្រចណ្ឌ ណាមួយកន្លងមក រូបគេធ្លាប់បានប្រើប្រាស់គ្រឿងញៀនផងដែរ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សាកសពស្ត្រីរងគ្រោះមានស្លាកស្នាមរលាត់លើបំពង់ក អាចប៉ះនិងវត្ថុរឹង (ក្រចកដៃ)។ តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយថប់ដង្ហើម ដោយសារតែត្រូវជនដៃដល់ជាប្តីចាប់ច្របាច់កសម្លាប់ប្រាកដមែន។

ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES