Saturday, November 15, 2025
Homeព័ត៌មានជាតិសាហាវយង់ឃ្នងណាស់!!! ប្តីកើតចិត្តប្រចណ្ឌ កាប់ប្រពន្ធស្លាប់ចោលកូន៤នាក់

សាហាវយង់ឃ្នងណាស់!!! ប្តីកើតចិត្តប្រចណ្ឌ កាប់ប្រពន្ធស្លាប់ចោលកូន៤នាក់

ពោធិ៍សាត់៖ ឃាតកម្មដ៏សាហាវយង់ឃ្នងមួយ កើតឡើងដោយសារបុរសម្នាក់ជាប្តី បានកើតចិត្តប្រចណ្ឌសង្ស័យប្រពន្ធមានសហាយស្មន់ ក៏បានផ្ទុះជម្លោះ រហូតដល់ទាញពូថៅកាប់ស្ត្រីជាប្រពន្ធស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង២០នាទីយប់​ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ឃាតករជាប្តីមានចិត្តសាហាវឃោរឃៅ មានឈ្មោះម៉ុន សាម៉ន អាយុ៣២ឆ្នាំ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ យឿន សាវិន អាយុ៣៣ឆ្នាំ។ អ្នកទាំងពីរមានកូន៤នាក់ក្នុងបន្ទុក សព្វថ្ងៃរស់នៅភូមិឃុំកើតហតុខាងលើ។

បើតាមការឲ្យដឹងពីលោកអធិការនគរបាលស្រុកក្រគរ ឯម រុន ថា មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានចេញពីធ្វើការរោងចក្រកាត់ដេរតៃអ៊ុហ្សី ហើយបានទិញលៀសហាល យកមកហូបជាមួយបាយ។ ពេលមកដល់ផ្ទះ ស្ត្រីជាប្រពន្ធបានងូតទឹក ហើយក៏នាំប្តីនិងកូនៗហូបបាយជុំគ្នា ពេលនោះបុរសជាប្តីបានប្រើកូនឲ្យយកបោយទឹកឲ្យផឹក ស្រាប់តែផឹករួច បានគប់បោយចោល រួចបានប្រើកូនប្រុសឲ្យទៅរើសយកមកវិញ។

លោកអធិការបន្តថា ដោយឃើញភាពមិនទំនងរបស់ប្តី ស្ត្រីជាប្រពន្ធបានទៅរើសបោយទឹកនោះ រួចក៏បានគប់ទៅលើប្តី ហើយប្តីក៏បានទាញកែវគប់មកលើស្ត្រីជាប្រពន្ធ តែត្រូវនាងគេចទាន់ បណ្តាលឲ្យដួល ទើបធ្វើឲ្យបុរសជាប្តីកើតក្តីខឹងសម្បាជាខ្លាំង ក៏ស្ទុះទាញពូថៅមកកាប់លើស្ត្រីជាប្រពន្ធ ២ពូថៅ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបំរុងរត់គេចខ្លួន ប៉ុន្តែប្រជាពលរដ្ឋជិតខាង និងបងប្អូនជនរងគ្រោះ បានព័ទ្ធដេញចាប់ចងជាប់ និងបានរាយការណ៍មកកាន់សមត្ថកិច្ចជួយអន្តរាគមន៍ជាបន្ទាន់។

ពេលសមត្ថកិច្ចមកដល់ បានធ្វើការចាប់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ចំណែកស្ត្រីជាប្រពន្ធដែលស្លាប់ សមត្ថកិច្ចបានពិនិត្យ និងធ្វើកោសល្យវិច័យ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES