Saturday, November 15, 2025
Homeព័ត៌មានជាតិស្ទុះទៅទាំងកំរោល... បញ្ចេញកំហឹងលើម៉ូតូ២គ្រឿង ជាប់ខ្នោះ

ស្ទុះទៅទាំងកំរោល… បញ្ចេញកំហឹងលើម៉ូតូ២គ្រឿង ជាប់ខ្នោះ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ក្រោយពីផឹកស៊ីស្រវឹង ក៏ដើរបង្ករឿងឈ្លោះប្រកែកជាមួយគេឯងពេញភូមិ រួចក៏ទាញកាំបិតដេញកាប់មនុស្សទាំងកំរោល លុះខឹងកាប់គេអត់បាន ក៏ទៅបញ្ចេញកំហឹងកាប់ម៉ូតូរបស់ប្រជាពលរដ្ឋចំនួន២គ្រឿង បណ្តាលឱ្យរងការខូចខាត ទីបំផុត ក៏ត្រូវម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។

ករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡាង ច័ន្ទរស្មី អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះទាំងពីរនាក់ ដែលជាម្ចាស់ម៉ូតូ រួមមានទី១-ឈ្មោះសឿន សាន្ត ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងទី២-ឈ្មោះឆាយ ហំ ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះឡាង ច័ន្ទរស្មី មិនដឹងជាទើបនឹងមកពីផឹកស៊ីនៅឯណា ស្រវឹងជោកជាំ ក៏បានដើរមកបង្ករឿងជាមួយគេឯងពេញភូមិ រហូតដល់ទាញកាំបិតប៉័ងតោដេញ កាប់មនុស្សទាំងកំរោលទៀតផង តែមិនបង្កឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយសារតែរត់គេចទាន់ពេល។

ប្រភពដដែលបន្តថា ដោយសារតែមួម៉ៅក្តៅចិត្តរឿងដេញកាប់មនុស្សអត់បានដូចបំណង ក៏ស្រាប់តែជនសង្ស័យបានទៅបញ្ចោញកំហឹងដាក់ម៉ូតូរបស់អ្នកភូមិ ចំនួន២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ ម្ចាស់ម៉ូតូទាំង២គ្រឿងខាងលើ បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យខាងលើ នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES