Saturday, November 15, 2025
Homeព័ត៌មានជាតិព្រោះតែរឿងរន្ធត់មួយហ្នឹង ឪពុកក្មេងស្រីរងគ្រោះយំបោកខ្លួន

ព្រោះតែរឿងរន្ធត់មួយហ្នឹង ឪពុកក្មេងស្រីរងគ្រោះយំបោកខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសស្រីជាសិស្សសាលាចំនួន៣នាក់ ទើបនឹងចេញពីសាលារៀន ក៏នាំគ្នាជិះកង់ត្រឡប់ទៅផ្ទះវិញ ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវរន្ទះបាញ់ បណ្តាលឱ្យក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកក្មេងប្រុស២នាក់ទៀត ទទួលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

ក្មេងស្រីរងគ្រោះ ដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះព្រុំ រស្មី អាយុ១២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងប្រុស២នាក់ទៀត ដែលទទួលរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ  គ្រាន់តែដឹងថា មានលំនៅក្នុងភូមិឃុំជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមក្មេងរងគ្រោះទាំង៣នាក់ខាងលើ  ទើបនឹងចេញពីសាលារៀន ក៏បានជិះកង់សំដៅមកផ្ទះវិញ។ ស្របពេលនោះ មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀង លាយឡំដោយផ្គររន្ទះទៀតផង លុះពេលក្មេងទាំង៣នាក់ ជិះកង់មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវបានរន្ទះបាញ់ បណ្តាលឱ្យស្លាប់ក្មេងស្រីម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកក្មេងប្រុស២នាក់ទៀត រងរបួសធ្ងន់។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះទាំង២នាក់ដែលទទួលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

ចំណែកសាកសពក្មេងស្រីរងគ្រោះ ត្រូវបានដឹកទៅកាន់លំនៅដ្ឋាន និងបានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យរួច ឃើញថា ក្មេងស្រីរងគ្រោះពិតជាត្រូវរន្ទះបាញ់ស្លាប់ប្រាកដមែន មិនជាប់ពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេង ក៏ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាខ្សាច់ស និង សប្បុរសជនដែលបានចូលបច្ច័យសរុបចំនួន៤៣៧០០០រៀល និង អង្ករចំនួន១បេ ។ និងចំនួន១០ម៉ឺនរៀល ដល់កុមារដែល២នាក់ដែលកំពុងរងរបួស៕

RELATED ARTICLES