Saturday, November 15, 2025
Homeព័ត៌មានជាតិឃើញមុខរាល់ព្រឹក... តាមពិតសង្ឃក្លែងក្លាយសោះ

ឃើញមុខរាល់ព្រឹក… តាមពិតសង្ឃក្លែងក្លាយសោះ

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥ និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩បុរសចំនួន៤នាក់ បានបែកគំនិតបន្លំខ្លួនធ្វើជាសង្ឃ ដើម្បីដើរបិណ្ឌបាតតាមទីប្រជុំជន ត្រូវសមត្ថកិច្ចល្បាត ប្រទះឃើញចាប់ក្របួចជាប់សង្ឃក្លែងក្លាយ៣នាក់ រួមនឹងអ្នកបើករ៉ឺម៉កម៉ូតូម្នាក់ផង នាំយកទៅសាកសួរ និងចាត់ការតាមច្បាប់។ ករណីនេះបានធ្វើឡើងនៅចំណុចតាមដងផ្លូវសម្តេចជា ស៊ីម ស្ថិតក្នុងភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ការឃាត់ខ្លួនសង្ឃក្លែងក្លាយទាំង៣នាក់ រួមមាន ទី១. ឈ្មោះជា ផាន់នី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទី២-ឈ្មោះជិន សាមុន អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងទី៣-ឈ្មោះវៃ ស៊ីណា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកអ្នកបើកបររ៉ឺម៉កម្នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនដែរនោះ មានឈ្មោះសួស ពិសិទ្ធ អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅម្តុំចម្ការដូង ខណ្ឌដង្កោ។ ជនសង្ស័យទាំង៤នាក់ខាងលើ មានស្រុកកំណើតនៅភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រវែង ជាមួយគ្នា។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា នៅមុនកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងជិះម៉ូតូដើរល្បាតមើលក្នុងមូលដ្ឋាន ដល់គោលដៅខាងលើ ស្រាប់តែឃើញរ៉ឺម៉កម៉ូតូកង់បីខាងលើ មានអ្នកជិះ៣នាក់ ដោយកោរសក់ខុសប្រក្រតី ក៏ឃាត់ឆែកឆេរ ស្រាប់តែឃើញសម្ភារសង្ឃក្លែងបន្លំស្បង់ចីវរ ទើបសម្រេច ឃាត់ជាក់ស្តែងតែម្តង រួចក៏នាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍។

ជនសង្ស័យជាសង្ឃក្លែងបន្លំទាំង៣នាក់ខាងលើ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគេមិនមែនលោកសង្ឃទេ ជា ប្រជាពលរដ្ឋធម្មតា ដោយសារតែធ្វើការសំណង់រកលុយមិនបាន ក៏មានគំនិតក្លែងជាសង្ឃ ហើយដើរបិណ្ឌបាតតាមផ្សារនានា ក្នុងក្រុងតែម្តង។

ក្រោយពីមានចម្លើយសារភាព បច្ចុប្បន្នជនក្លែងបន្លំខាងលើ ត្រូវបាននាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្ត៕

RELATED ARTICLES