ខេត្តកំពង់ចាម ៖ ជនអនាមិកដែលបានធ្វើសកម្មភាពយកវ៉ាលីស ទៅដាក់ប្លុងចោលនៅក្នុងទូដកប្រាក់ ATM របស់ធនាគារស្ថាបនា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានវែកមុខរកឃើញជនសង្ស័យហើយ។

ជនសង្ស័យដែលធ្វើសកម្មភាពប្លុងវ៉ាលីសចោលក្នុងទូដកប្រាក់នេះ គឺជាមនុស្សមានសតិមិនល្អ ឈ្មោះឌុល ឌុច ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម។ឥ

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលកំលាំងប៉ុស្តិ៍កំពង់ចាម ចេញល្បាតក្នុងភូមិសាស្ត្រខាងលើ ក៏បានប្រទះឃើញមុខសញ្ញាជនសង្ស័យខាងលើ នៅចំនុចផ្លូវភ្លោះម្តុំផ្ទះសំណាក់ផ្កាឈូកទិព្វ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលសង្ស័យថាពាក់ព័ន្ធក្នុងករណីដាក់វ៉ាលីសចាស់ និងលុយដុល្លារឆេងម៉េង ក្នុងទូ ATM ធនាគារស្ថាបនា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចក្បែរដើមពោធិ ម្តុំផ្សាររាត្រី ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ប្រភពដដែលបន្តថា ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យខាងលើ ទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ។

តាមសម្តីរបស់ជនសង្ស័យ បានឱ្យដឹងថា កន្លងមកខ្លួនធ្លាប់ដើររើសអេតចាយ ហើយក៏បានយកនាឡិកាចាស់ៗ ថ្មទូរស័ព្ទចាស់ៗ កូនជ្រូកដី ដាក់ចូលក្នុងទូរ ATM ៣ទៅ៤ដងមកហើយ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មិនចាំម៉ោងខ្លួនបានរើសបានវ៉ាលីសចាស់មួយ រួចក៏បានយកស្នោរនិងលុយដុល្លារឆេងម៉េង បិទដាក់ក្នុងវ៉ាលីស ដោយខ្លួនធ្លាប់បានមើលក្នុងរឿងភាគហុងកុង ឃើញគេដាក់លុយក្នុងវ៉ាលីស ក៏ដាក់តាម រួចយកទៅទុកចោលក្នុងទូរដកប្រាក់ធនាគារស្ថាបនា ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ប្រាកដមែន ហើយក៏ចេញទៅផ្ទះបាត់ទៅ។

ជនសង្ស័យបន្តថា លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ខ្លួនបានដើរមករើសអេតចាយនៅក្បែរនោះ ក៏ត្រូវប៉ូលិសហៅមកតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ផ្អែកតាមរូបភាពកាំមេរ៉ាសុវត្ថិភាព ជាប់ក្នុងទូរ ATM សមត្ថកិច្ចបានយកមកបង្ហាញឱ្យជនសង្ស័យពិនិត្យមើល ជនសង្ស័យបានឆ្លើយថា ពិតជារូបរបស់ខ្លួនពិតប្រាកដមែន ចំពោះខោអាវ និងមួកខ្លួន បានបោះចោលអស់ហើយ។

ក្រោយបញ្ចប់ការសួរនាំ ដោយពិនិត្យឃើញថា ជនសង្ស័យខាងលើគឺជាមនុស្សមានសតិមិនប្រក្រតី ទើបសមត្ថកិច្ចបានឆ្លងយោបល់ ទៅលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម រួចក៏បានអនុញ្ញាតឱ្យជនខាងលើត្រឡប់ទៅផ្ទះវិញ៕
