Saturday, November 15, 2025
Homeព័ត៌មានជាតិប្រពន្ធកូនខ្ចី ប្តីចុះចោល អត់លុយចិញ្ចឹមកូន

ប្រពន្ធកូនខ្ចី ប្តីចុះចោល អត់លុយចិញ្ចឹមកូន

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានបុរសសម្តីផ្អែមលួងលោមសុំស្នេហ៍រហូតដល់ទន់ចិត្តព្រមឡើងផ្ទះសំណាក់ រួមរ័កមេត្រីជាមួយគ្នាជាញឹកញាប់ រហូតដល់មានផ្ទៃពោះ ទើបដឹងថា ខាងប្រុសមានប្រពន្ធរួចទៅហើយ និងថែមទាំងជាមនុស្សប្រុសខិលខូចរឿងស្រីញីរាប់មិនអស់។ តែយ៉ាងណា ស្ត្រីរូបនោះក៏បានអូសទាញខាងប្រុសទៅសែនព្រេនយកគ្នាជាប្តីប្រពន្ធដែរ ប៉ុន្តែក្រោយពីសម្រាលកូនរួច ក៏ស្រាប់តែប្តីលែងសូវរវីរវល់ សូម្បីតែលុយទិញទឹកដោះគោកូន ក៏លែងផ្ញើមកឱ្យ ទុកឱ្យស្ត្រីជាប្រពន្ធរស់នៅចិញ្ចឹមកូនខ្ចី ទាំងលំបាកវេទនាខ្វះមុខខ្វះក្រោយ។

ស្ត្រីអភ័ព្វខាងលើ មានឈ្មោះវីន អាយុ ជាង៣០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ជាកូនកំព្រាម្តាយ មានតែឪពុក និងមានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅបន្ទប់ជួលម្តុំជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសជាប្តីមានឈ្មោះចិន មុខរបរមេការសំណង់។

តាមសម្តីស្ត្រីជាប្រពន្ធខាងលើ បានរៀបរាប់ប្រាប់ថា នាងនិងប្តីឈ្មោះចិន នេះ បានរួមរស់នឹងគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង២ឆ្នាំមកហើយ និងទើបបង្កើតបានកូនប្រុសម្នាក់ ជាចំណងនិស្ស័យ ទើបនឹងមានវ័យ២ខែកន្លះតែប៉ុណ្ណោះ បែរជាមកជួបរឿងប្រេះឆា គ្រួសារបែកបាក់គ្នា ទាំងកូនមិនទាន់ស្គាល់មុខឪពុកនៅឡើយ។

ស្ត្រីឈ្មោះវីន បានបន្តថា ដំបូងឡើយ កាលគ្រាដែលនាងនៅធ្វើការរោងចក្រ បុរសឈ្មោះចិន (ប្តីសព្វថ្ងៃ) បានមកតាមលួងលោមសុំស្នេហ៍នាង និងថែមទាំងនាំនាងទៅញ៉ាំបាយហាង២-៣ដង ក៏ស្រាប់តែលួងលោមនាំនាងឡើងផ្ទះសំណាក់ រួមរ័កមេត្រី។ ចំណែកនាងហេតុតែលង់នឹងសម្តីប្រុស ក៏ព្រមផ្ញើខ្លួនផ្ញើប្រាណ នឹកស្មានថាអនាគតទៅ ប្រុសពៅទទួលខុសត្រូវលើជីវិតនាង។ ដឹងអី ! ក្រោយពីបានខ្លួនប្រាណនាងហើយ នាងសួរនាំជីកប្ញសគល់ ទើបដឹងថា តាមពិត ប្តីនេះមិនមែនជាកំលោះទេ មានប្រពន្ធកូនរួចទៅហើយ គ្រាន់តែមិនបានរៀបការ បានត្រឹមសែនព្រេន និងមិនបានចុះអេតាស៊ីវិលអ្វីនោះដែរ។ ចំណែកនាងដោយសារតែផុងលង់ខ្លួនទៅហើយ ទើបទ្រាំតាមដំណើរ រួមរស់នឹងប្រុសស្នេហ៍រហូតដល់ មានផ្ទៃពោះជាង២ខែ ក៏រលូតកូនបាត់។ បន្ទាប់មក នាងក៏បានអូសទាញប្រុសស្នេហ៍ទៅសែនព្រេន យកគ្នាជាប្តីប្រពន្ធឱ្យបានពេញមុខមាត់។ ចំណែកខាងប្រុសក៏យល់ព្រម ថានឹងនាំឪពុកម្តាយរបស់គាត់ ទៅសែនព្រេនជាមួយនាងនៅស្រុកកំណើតឯស្រុកកោះធំ ខេត្តកណ្តាល ស្រាប់តែដល់ថ្ងៃសែនព្រេន ខាងប្រុសបែរជាប្រាប់ថា ម្តាយរបស់គាត់ឈឺ មិនអាចមកចូលរួមបានទេ ហើយក៏មិនមានសាច់ញាតិណាមកជាមួយដែរ ពោលគឺមានតែសាមីខ្លួនកូនកំលោះម្នាក់ឯងប៉ុណ្ណោះ ហើយបំណាច់នឹងរៀបចំពិធីទៅ ហើយទើបពួកនាងក៏បានសែនព្រេនយកគ្នាជាប្តីប្រពន្ធតាំងពីពេលនោះមក។

ស្ត្រីឈ្មោះវីន បានឱ្យដឹងទៀតថា ក្រោយពីមានឈ្មោះជាប្តីប្រពន្ធហើយ នាងក៏បានរួមរស់នឹងគ្នានៅផ្ទះជួលដោយពេញមុខ តែប្តីនាងមិនសូវបាននៅផ្ទះជាប់លាប់ទេ ដោយចេះតែប្រាប់ថា ធម្មតាមេការសំណង់ ម្តងទៅលិចម្តង ទៅកើតអ៊ីចឹងហើយ តែតាមពិត ប្តីនេះមានប្រពន្ធ២-៣ ណាមួយមានស្រីរាប់មិនអស់ ទើបគ្មានពេលសម្រាប់ប្រពន្ធណាមួយឱ្យបានដិតដល់នោះទេ។ ជាក់ស្តែងសម្រាប់នាង ពេលខ្លះប្តី ស្រវឹងដាបម៉ោង១ ម៉ោង២អធ្រាត្រ ទើបមករកនាងហើយព្រឹកមិនទាន់ក៏ចេញទៅបាត់។ ទីបំផុត នាងក៏មានផ្ទៃពោះជាលើកទី២ រហូតដល់នាងគ្រប់ខែ ឈឺពោះសម្រាល ស្រាប់តែប្តីបានត្រឹមដឹកនាងទៅសម្រាលនៅពេទ្យកាល់ម៉ែតប៉ុណ្ណោះ លុះគ្រាន់តែនាងចេញពីបន្ទប់សម្រាលភ្លាម ប្តីក៏ទៅបាត់ គ្មាននៅកំដរនាងបាន១យប់ទេ មានតែឪពុកនាងប៉ុណ្ណោះ ដែលនៅមើលថែ បម្រើទឹកក្តៅត្រជាក់ដល់នាង។

ស្ត្រីខាងលើ បានបន្ថែមថា បន្ទាប់ពីសម្រាលកូនរួចបាន៨ថ្ងៃ នាងក៏បានទៅស្នាក់នៅឯស្រុកកំណើតខេត្តកណ្តាល ហើយប្តី ទោះមិនបានទៅ ក្បែរមើលថែនាងនិងកូន តែបានផ្ញើប្រាក់ជាប្រចាំ ក្នុង១អាទិត្យ៥០ដុល្លារ ទុកគ្រាន់នាងទិញទឹកដោះគោកូន។ លុះមួយរយៈចុងក្រោយនេះ ប្តីក៏ចាប់ផ្តើមរករឿងស្តីបន្ទោសថា នាងចាយវាយខ្ជះខ្ជាយ មិនដឹងជាទិញអីខ្លះទេ អត់ចេះសន្សំទុកសោះ។ បន្ទាប់មក ក្រោយពីចូលឆ្នាំខ្មែររួច ប្តីក៏ហៅនាងឱ្យមករស់នៅភ្នំពេញ វិញមក គ្រាន់បាននៅជុំប្តីនិងកូន លុះពេលនាងនាំកូនឡើងមកភ្នំពេញ ប្តីក៏មិនដែលបានមកកៀកកើយប្រពន្ធកូនដដែល ចំណែកលុយទឹកដោះគោក៏មិនឃើញផ្ញើឱ្យ។ ទើបនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ នាងបានទូរស័ព្ទទៅសួរនាំប្តី រួចក៏កើតជាជម្លោះពាក្យសម្តីតាមទូរស័ព្ទមួយប្រាវ ធ្វើឱ្យនាងធ្លោយមាត់ជ្រុលសម្តីជេរម្តាយប្តី១ម៉ាត់ ស្រាប់តែប្តីប្រកាន់ខឹងថា តាំងពីកើតមកមិនដែលមានអ្នកណាជេរម្តាយគាត់ទេ តែពេលនោះ នាងក៏បានសុំទោសប្តីដែរ ព្រោះហេតុតែខឹងពេក ទើបជ្រុលមាត់ តែប្តីនៅតែមិនព្រមលើកលែង ធ្វើឱ្យនាងខឹងពេក ក៏និយាយថា បើរស់នៅចេះតែរកាំរកូសបែបនេះ បែកគ្នាទៅល្អជាង ហើយនាងគ្រាន់តែសុំឱ្យប្តីជួយផ្តល់ប្រាក់ទិញទឹកដោះគោ ចិញ្ចឹមកូនក្នុង១ខែ៦កំប៉ុងប៉ុណ្ណោះ តែប្តីមិនព្រម និងបាននិយាយថា គាត់ឱ្យតែ៣កំប៉ុងទេ ហើយថ្ងៃ៣០ គាត់នឹងឱ្យម៉ូតូឌុបយកទៅឱ្យដល់ផ្ទះជួល។ ចំណែករឿងលុយកាក់អីទៀត ១កាក់១សេន ក៏គាត់មិនឱ្យដែរ ហើយទោះចង់ប្តឹងដល់ណាក៏ប្តឹងទៅ។ ចំណែកនាងដោយសារតែនៅសរសៃខ្ចី មិនទាន់ចូលធ្វើការកើត ទើបគ្មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅ និងមិនដឹងថា ត្រូវដោះស្រាយយ៉ាងណាទេ ខ្លាចតែកូនដាច់ពោះស្លាប់នៅថ្ងៃណាមួយ។

ចំណែកបុរសជាប្តី បានបញ្ជាក់ថា គាត់ខឹងប្រពន្ធត្រង់ដែលប្រពន្ធហ៊ានជេរដល់ម្តាយរបស់គាត់ ហេតុនេះជីវិតប្តីប្រពន្ធគាត់មិនអាចវិលទៅដូចដើមវិញបានទេ យ៉ាងណា គាត់ធានាចិញ្ចឹមកូន (ទិញទឹកដោះគោកូន) ជារៀងរាល់ខែ ដោយកូនបៅទឹកដោះគោ១ខែប៉ុន្មានកំប៉ុង គឺគាត់នឹងទទួលចេញឱ្យទាំងអស់។

យ៉ាងណាក្តី ស្ត្រីជាប្រពន្ធបានស្នើសុំប្តី យួជាលុយ១០០ដុល្លារក្នុង១ខែ ដើម្បីឱ្យនាងចិញ្ចឹមកូន ប៉ុន្តែបុរសជាប្តីបានបដិសេធថា គាត់ទិញតែទឹកដោះគោឱ្យកូនប៉ុណ្ណោះ ហើយទោះជាកូនបៅអស់១ខែ ១០០ ទៅ២០០ដុល្លារ ក៏គាត់រ៉ាប់រងដែរ៕

RELATED ARTICLES