ខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគោះថ្នាក់ចរាចរណ៍មួយ ដោយសារបុរសម្នាក់ងងុយដេកខ្លាំងពេកពេលកំពុងបើករថយន្ត ក៏ឈប់សម្រាកបន្តិច តែស្ត្រីជាប្រពន្ធដែលកំពុងមានផ្ទៃពោះផងនោះ បានធានាបើកឡានជំនួសប្តី ដឹងអី! ពេលធ្វើដំណើរមកដល់ចំណុចផ្លូវបត់កែង ស្រាប់តែរថយន្តក៏បានរេចង្កូតក្រឡាប់ផ្ងារជើង តែមិនបណ្តាលឱ្យប្តីប្រពន្ធ រួមនឹងកូនក្នុងផ្ទៃ រងគ្រោះថ្នាក់អ្វីនាះទេ។ ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលឡើងនៅត្រង់ចំណុចផ្លូវចុះទួលជិតផ្សារអ៊ីថន ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន។

ប្តីប្រពន្ធជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ស្ត្រីជាអ្នកបើកបររថយន្តកំពុងមានផ្ទៃពោះ និងបើក រថយន្ត១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ផ្ទៃមេឃ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើនេះបើកបរដោយស្ត្រីម្នាក់ និងរួមដំណើរដោយបុរសម្នាក់ បានធ្វើដំណើរចុះទួលយ៉ាងលឿន លុះដល់ចំណុចផ្លូវបត់កែង ស្រាបលតែរថយន្តរេពេញផ្លូវ រួចក៏សំដៅចុះហួសផ្លូវ ក្រឡាប់ផ្ងារជើងទ្រមេឃតែម្តង។ ពេលនោះ គេឃើញអ្នកជិះក្នុងរថយន្តទាំង២នាក់ បានប្រឹងវៀរចេញមកក្រៅ ទើបគេដឹងថា តាមពិតស្ត្រីជាអ្នកបើកបររថយន្តនោះមានផ្ទៃពោះទៀតផង ហើយត្រូវប្រជាពលរដ្ឋនាំគ្នាទៅជួយសង្គ្រោះតែម្តង។

ដោយឡែក ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានឱ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ គាត់ជាប្តី ជាអ្នកបើករថយន្តទេ ប៉ុន្តែដោយសារងងុយដេកពេក ទើបប្រពន្ធដែលកំពុងមានផ្ទៃពោះផង មកបើកជំនួស ដឹងអី ស្រាប់តែមកជួបគ្រោះអកុសលបែបនេះតែម្តង ប៉ុន្តែសំណាងល្អ ប្តីប្រពន្ធពួកគាត់គ្មានរបួសសូម្បីបន្តិច៕