ខេត្តកំពង់ស្ពឺ៖ ករណីបាញ់សម្លាប់គ្រូបង្រៀននៅសាលាតាំងរបង ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ គឺផ្តើមចេញពីរឿងស្នេហាត្រីកោណ ដែលជនរងគ្រោះនិងប្រពន្ធជនសង្ស័យបានលួចទាក់ទងគ្នាជិត២ឆ្នាំមកហើយ។

បើតាមម្លើយសារភាពរបស់ខ្មាន់កាំភ្លើងជាឃាតករ បានឲ្យដឹងថា រូបគេបានរៀបការជាមួយប្រពន្ធតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ប៉ុន្តែក្រោយមក រូបគេបានចេញទៅរកសុីនៅខេត្តបន្ទាយមានជ័យ យូរៗទើបមកជួបប្រពន្ធម្តង ពេលនោះរូបគេឃើញប្រពន្ធហាក់មិនសូវរវីរវល់ជាមួយរូបគេដូចមុននោះទេ ធ្វើឲ្យរូបគេក៏ចាប់ផ្តើមធ្វើការសុើបអង្កេត ពោកចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។

ជនសង្ស័យសារភាពទៀតថា រយៈពេល២ឆ្នាំកន្លងមកនេះ រូបគេបានស៊ើបដឹងថា ប្រពន្ធបានលួចទាក់ទងជាមួយគ្រូបង្រៀនកីឡាដែលជាជនរងគ្រោះ ធ្វើឱ្យឈឺចិត្តស្អិតទ្រូងខ្លាំង មិនគួរណាប្រពន្ធលួផិតក្បត់បែបនេះទេ ប៉ុន្តែយ៉ាងណា រូបគេក៏ធ្លាប់ប្រាប់ជនសង្ស័យឱ្យឈប់ទាក់ទងប្រពន្ធរបស់ខ្លួន តែគាត់មិនព្រមឈប់ទេ ថែមទាំងថតរូបជាមួយប្រពន្ធរបស់ខ្លួន បង្ហោះលើហ្វេសប៊ុក បញ្ឈឺខ្លួនថែមទៀតផង។ ដោយទ្រាំមិនបាននឹងការបញ្ឈឺចិត្តស្រស់ៗបែបនេះ រូបគេក៏បានទិញកាំភ្លើងពីខេត្តបន្ទាយមានជ័យ ហើយធ្វើដំណើរមករកជនរងគ្រោះដែលជេលនោះកំពុងហូបបាយជុំគ្នាជាមួយគ្រូដទៃទៀត ដើម្បីបាញ់សម្លាប់តែម្តង។

គួររំលឹកផងដែរថាកាលពីវេលាម៉ោងប្រហែល១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានករណីបាញ់សម្លាប់គ្រូបង្រៀនកីឡាម្នាក់ ពេលកំពុងហូបបាយជុំគ្រូបង្រៀនដទៃនៅក្នុងសាលា។ ហេតុការណ៍នេះបានកើតឡើង នៅអនុវិទ្យាល័យតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះដែលត្រូវឃាតករបាញ់សម្លាប់យ៉ាងអាណោចអាធ័មនេះ ជនរងគ្រោះដែលស្លាប់ឈ្មោះ ទូច វាសនា អាយុ២៥ឆ្នាំ ជាគ្រូកីឡានៅអនុវិទ្យាល័យតាំងរបង មានទីលំនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកខ្មាន់កាំភ្លើងជាឃាតករ មានឈ្មោះជួន ធារីរាសី ភេទប្រុស អាយុ៣០ឆ្នាំ ជាជាងមាស មានទីលំនៅភូមិទី៤ ឃុំព្រះពន្លា ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ប្រភពពីស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេតុ ជនរងគ្រោះបានចប់ម៉ោងបង្រៀនកូនសិស្សហាត់កីឡា ក៏បានសម្រាកញាំបាយជុំជាមួយគ្រូបង្រៀនដទៃទៀត ពេលកំពុងញាំបាយនោះ ស្រាប់តែខ្មាន់កាំភ្លើងដើរសំដៅមកតូបដែលជនរងគ្រោះកំពូងហូបបាយនោះ រួចបានដកកាំភ្លើងខ្លីមួយដើម បាញ់សំដៅមកលើជនរងគ្រោះ បណ្តាលឲ្យដួលស្លាប់ភ្លាមៗនឹងដី បង្កឲ្យភ្ញាក់ផ្អើលដល់គ្រូដទៃទៀតដែលកំពុងនៅទីនោះ៕




