ខេត្តកំពង់ធំ ៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការរឹបអូសរំសេវដែលមានជាតិផ្ទុះជាច្រើន ដាក់ក្នុងទូរកុងទីន័រមួយនៅកណ្តាលព្រៃ ក្នុងភូមិសាស្ត្រភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្តាន់ យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ករណីប្រទះឃើញរំសេវដ៏ច្រើនបែបនេះ ក៏ត្រូវបានគេយកទៅផ្សព្វផ្សាយនៅបណ្តាញសង្គមហ្វេសប៊ុក រហូតនិយាយថា អាចនឹងប្រព្រឹត្តបទល្មើសផ្សេងៗ នាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ បើសិនគ្រាប់រំសេវទាំងនោះធ្លាក់ទៅដល់ដៃពួកជនល្មើស។
ដើម្បីបញ្ចៀសនូវការភាន់ច្រឡំដល់សាធារណជន អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញមកបញ្ជាក់ថា ករណីរកឃើញគ្រាប់រំសេវយ៉ាងច្រើននៅស្រុកសណ្តាន់ មិនមែនជាគម្រោងក្នុងការបង្កើតអំពើភេរវកម្មនោះទេ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា មានក្រុមហ៊ុនរុករករ៉ែស្របច្បាប់មួយ បាននាំចូលមកនូវគ្រាប់រំសេវទាំងនោះ ដើម្បីបំផ្ទុះយករ៉ែរបស់ពួកគេតែប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់តាមរយៈគណនីហ្វេសប៊ុកថា “នាថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីសមត្ថកិច្ចបាន ប្រទះឃើញគ្រាប់រំសេវជាច្រើន នៅក្នុងភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ខ្ញុំសូមបញ្ជាក់ថា ករណីនេះមិនមែនជាភេរវកម្មនោះទេ។ តាមព័ត៌មានបឋមបានឱ្យដឹងថា គ្រាប់រំសែវទាំងនោះ គឺក្រុមហ៊ុនរុករករ៉ែស្របច្បាប់នៅតំបន់នេះ បាននាំចូលមកដើម្បីបំផ្ទុះយករ៉ែរបស់ពួកគេ”។

ចំណែកមន្ត្រីជាន់ខ្ពស់សាលាខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ថា រំសេវទាំងនេះ គឺមានយូរមកហើយ ដែលក្រុមហ៊ុនថៃមួយ មានអាជ្ញាប័ណ្ណត្រឹមត្រូវ បាននាំចូលដើម្បីធ្វើអាជីវកម្មយករ៉ែ ប៉ុន្តែក្រោយមកក្រុមហ៊ុនថៃ បានជួលអាជីវកម្មទាំងនេះទៅឱ្យក្រុមហ៊ុនចិនធ្វើម្តង។ ក្រោយពីដំណើរការអាជីវកម្ម ក្រុមហ៊ុនទាំងពីរទំនងមានជម្លោះនឹងគ្នា ទើបខាងក្រុមហ៊ុនថៃ បានឱ្យគេទៅថតរំសេវទាំងនេះ យកមកផ្សព្វផ្សាយរហូត ចេញជាព័ត៌មានចង់ប្រព្រឹត្តអំពើបទល្មើស ក៏ដូចជាអំពើភេរវកម្មយ៉ាងដូច្នេះទៅវិញ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីប្រទះឃើញនិងរឹបអូសនោះ នៅពេលនេះ កម្លាំងជំនាញរបស់លោកកំពុងដឹករំសេវជាតិផ្ទុះទាំងអស់នោះ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕