ខេត្តកំពត ៖ ស្ត្រីអភ័ព្វម្នាក់ ឈឺពោះសម្រាលកូនទី៩ ក៏ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាលនៅមណ្ឌលសុខភាព តែអកុសល ក្រោយពីសម្រាលកូនរួច ស្ត្រីជាម្តាយបែរជាធ្លាក់ឈាម រហូតដល់ស្លាប់ទាំងមិនទាន់បានឃើញមុខកូននៅឡើយ ហើយអ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ ស្ត្រីជាម្តាយរបស់ស្ត្រីរងគ្រោះបានអះអាងថា មិនត្រឹមតែមិនទទួលខុសត្រូវចំពោះការស្លាប់របស់កូនស្រីគាត់នោះទេ តែគ្រូពេទ្យបែរជាគំរាមមិនឱ្យពួកគាត់ជាក្រុមគ្រួសារផ្សព្វផ្សាយព័ត៌មាន ឬធ្វើការតវ៉ានោះឡើយ ពុំនោះទេ គេនឹងប្តឹងវិញមិនខាន។

ស្ត្រីអភ័ព្វដែលសម្រាលកូនរួច បែរជាស្លាប់ទាំងមិនទាន់បានឃើញមុខកូន មានឈ្មោះ ភន តិ អាយុ៤២ឆ្នាំ មានកូន៩នាក់ក្នុងបន្ទុក (បានស្លាប់ក្រោយពេលសម្រាលកូនទី៩) និងមានលំនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះមុំ សំបូ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ បានបង្ហោះសារដង្ហោយឱ្យមហាជនជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួសារស្ត្រីអភ័ព្វខាងលើ ដែលបានបាត់បង់ជីវិតចោលកូនទាំង៩នាក់ និងថែមទាំងត្រូវគ្រូពេទ្យនៅមណ្ឌលសុខភាពស្ទឹងកែវ គំរាមហាមមិនឱ្យក្រុមគ្រួសារជនរងគ្រោះ ដាក់ពាក្យប្តឹងថែមទៀតផង។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះមុំ សំបូ បានបង្ហោះសារថា “សូមអ្នកច្បាប់ជួយរកយុត្តិធម៌ជូនក្រុមគ្រួសារសពផង គាត់បានស្លាប់យ៉ាងអយុត្តិធម៌ណាស់ គាត់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ គាត់បានមក សម្រាលកូននៅមណ្ឌលសុខភាពស្ទឹងកែវ នេះ ហើយស្លាប់ចោលកូនៗ៩នាក់ហើយ។ ខាងមណ្ឌលសុខភាពបានគំរាមថា បើហ៊ានប្តឹងគាត់ អ្នកប្តឹងនឹងមានរឿងធំ។ លេខទូរស័ព្ទរបស់ម្តាយជនរងគ្រោះ ០៦៨ ២៩៥ ៨៧២។ បើចង់ដឹងការពិត សូមបងៗខល ឬទាក់ទងទៅគាត់ចុះ…”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្ថែមថា “សុំបងប្អូនជួយចែករំលែកវីដេអូនេះផង នៅមណ្ឌលសុខភាពស្ទឹងកែវ ភូមិកំពង់ចិន ស្រុកទឹកឈូ ខេត្តកំពត បានធ្វើឱ្យស្ត្រីម្នាក់ដែលទៅសម្រាលកូនមណ្ឌលស្ទឹងកែវ នេះស្លាប់យ៉ាងអយុត្តិធម៌ (ឆ្មបបង្កើតកូននោះឈ្មោះយាយញ៉ នៅមណ្ឌលស្ទឹងកែវ នោះ)។ ហើយគាត់បានគំរាមថា បើនរណាហ៊ានប្តឹងគាត់ អ្នកនោះនឹងមានរឿងមិនខាន។ ចឹងសុំបងប្អូនអ្នកច្បាប់ មេត្តាជួយរកយុត្តិធម៌ជួនក្រុមគ្រួសារសពផង។ អ្នកស្លាប់ឈ្មោះភន តិ អាយុ៤២ឆ្នាំ មានកូន៩នាក់ ស្លាប់នៅពេលសម្រាលកូនទី៩នេះឯង…”។

ជុំវិញករណីខាងលើនេះ “នគរធំ“ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺបកស្រាយពីតំណាងមណ្ឌលសុខភាពស្ទឹងកែវ ដែលទទួលរងការចោទប្រកាន់ថា បានសម្រាលកូនឱ្យស្ត្រីម្នាក់បណ្តាលឱ្យស្ត្រីនោះបាត់បង់ជីវិត ហើយថែមទាំងគំរាមមិនឱ្យតវ៉ាទៀតបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕